Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន បារម្ភពីវិបត្តិស្បៀងអាហារ និងអំពាវនាវឲ្យ​បើកច្រកហ័រមូស​ឡើងវិញ ជាបន្ទាន់

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកំពុងប្រារព្ធធ្វើឡើងនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបិទច្រកសមុទ្រ​ហ័រមូស (Hormuz) ដែលបង្កឡើងដោយជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Jakarta Globe ចុះផ្សាយ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បានសង្កត់ធ្ងន់ថា ការរអាក់រអួល នៃចរាចរណ៍តាមច្រកសមុទ្រដ៏សំខាន់មួយនេះ មិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កឲ្យ​មានគ្រោះមហន្តរាយដល់សន្តិសុខស្បៀងអាហារទូទាំងតំបន់។

ច្រកសមុទ្រ​ហ័រមូស គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលផ្ទុកជីកសិកម្មប្រហែល ១ ភាគ ៣ នៃតម្រូវការពិភពលោក។ ការអូសបន្លាយនៃសង្គ្រាម បានធ្វើឲ្យ​តម្លៃជីហក់ឡើងខ្ពស់ ដែលធនាគារពិភពលោក​ ព្យាករថា នឹងកើនឡើងដល់ ៣១% ក្នុងឆ្នាំ ២០២៦ នេះ។ បញ្ហានេះ បានជះឥទ្ធិពលផ្ទាល់ដល់ជីវភាពប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការកើនឡើងនៃតម្លៃទំនិញ និងកង្វះខាតស្បៀងអាហារ។

ដើម្បីទប់ទល់នឹងវិបត្តិនេះ មេដឹកនាំអាស៊ាន កំពុងពិភាក្សាគ្នាលើផែនការបង្កើត «ស្បៀងបម្រុងយុទ្ធសាស្ត្រ» រួមគ្នាមួយ។ យន្តការនេះ នឹងអនុញ្ញាតឲ្យ​ប្រទេសសមាជិកអាស៊ានសន្សំស្បៀងអាហារ ជាពិសេសគឺអង្ករ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន និងដើម្បីការពារផលដំណាំពីបាតុភូតអាកាសធាតុ El Niño ផងដែរ។

គួរបញ្ជាក់ថា អាស៊ានមានយន្តការត្រៀមបម្រុងអង្ករអាសន្ន (APTERR) រួចជាស្រេចជាមួយចិន កូរ៉េខាងត្បូង និងជប៉ុន តាំងពីឆ្នាំ២០១១ ប៉ុន្តែវិបត្តិបច្ចុប្បន្ន តម្រូវឲ្យ​មានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាជាងមុន៕

​ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម