Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃមុនប្រកាសផ្អាក ឥឡូវ ត្រាំ ថា នឹងបើកប្រតិបត្តិការ រំដោះកប៉ាល់ ចេញពីច្រក Hormuz ឡើងវិញ 

បានផុស

នៅ

ទើបតែប្រកាសផ្អាកថ្ងៃមុន ឥឡូវប្រមុខសេតវិមាន ដូណាល់ ត្រាំ បង្ហើបថា លោកអាចចាប់ផ្តើម «Project Freedom» ឡើងវិញ ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

កាលពីថ្ងៃ អង្គារ ទី ៥ ខែ ឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក បានប្រកាសថា ផែនការនេះ ជាបណ្តោះអាសន្នសិន ដោយបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសម្រេចនេះ គឺធ្វើឡើងតាមសំណើរបស់ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត ប៉ុន្តែការផ្អាក នឹងមានរយៈពេលខ្លីប៉ុណ្ណោះ រង់ចាំមើលថា តើអ៊ីរ៉ង់ នឹងចូលខ្លួនមកកាន់តុចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែរឬក៏អត់?

យ៉ាងណា នៅថ្ងៃ សៅរ៍ បើតាមការផ្សាយរបស់ CNN, លោកត្រាំ បានបង្ហើបពីផែនការ ចាប់ផ្តើមគម្រោងនេះឡើងវិញ ដើម្បីសង្គ្រោះកប៉ាល់ ដែលកំពុងជាប់គាំងនៅច្រក Hormuz តាមរយៈការបញ្ជូនកងកម្លាំងជើងទឹក ជាពិសេសនាវាចម្បាំង ដើម្បីទៅអមកប៉ាល់ទាំងនោះ ឲ្យចាកចេញដោយសុវត្ថិភាព។

ថ្លែងប្រាប់អ្នកកាសែត ពេលចាកចេញពីសេតវិមាន លោកត្រាំ និយាយថា៖ «ខ្ញុំគិតថា Project Freedom គឺល្អ ប៉ុន្តែខ្ញុំគិតថា យើងក៏មានវិធីផ្សេងទៀត ដើម្បីធ្វើវាផងដែរ។ យើងអាចនឹងត្រឡប់ទៅរក Project Freedom វិញ ប្រសិនបើអ្វីៗមិនកើតឡើង ប៉ុន្តែ វានឹងក្លាយជា Project Freedom Plus ដែលមានន័យថា Project Freedom បូករួមជាមួយអ្វីៗផ្សេងទៀត»។

ច្រក Hormuz (រូប៖ Reuters)

ដ្បិតលោកត្រាំ អួតអាងថា គម្រោងនេះមានវឌ្ឍនភាព ប៉ុន្តែភាគីអ៊ីរ៉ង់ បែរជា ចំអកឡកឡឺយ ទៅវិញ ដោយបោះពាក្យសម្តីទៅ ប្រធានាធិបតីអាមេរិកថា គម្រោងនៅ Hormuz គ្រាន់តែដើម្បី បិទបាំង «ភាពបរាជ័យ» ប៉ុណ្ណោះ។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim បានចេញផ្សាយអត្ថបទមួយនៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថា៖ «ជារឿងធម្មតាទៅហើយ លោកត្រាំ តែងអះអាងដោយគ្មានមូលដ្ឋានបែបនេះ ដើម្បីបិទបាំងភាពបរាជ័យ នៃផែនការរបស់ខ្លួន»។

Tasnim បញ្ជាក់ទៀតថា៖ «ផែនការនេះ ត្រូវបានរារាំង តាំងពីការចាប់ផ្ដើមអនុវត្តដំបូងមកម្ល៉េះ ដោយសារតែ ការបាញ់ព្រមានពីសំណាក់កងទ័ពអ៊ីរ៉ង់ ហើយជាលទ្ធផល កប៉ាល់ទាំងអស់ ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ច្រក Hormuz ជឿតាមពាក្យសន្យាចេញពីមាត់លោក ត្រាំ ឥឡូវបានបកក្រោយវិញអស់ហើយ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម