Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ដាំសិស្សវិជ្ជាជីវៈក្នុងវិស័យតុលាការ ត្រូវអភិវឌ្ឍសមត្ថភាពឱ្យខ្លាំង ពេលចេញបម្រើការងារ

បានផុស

នៅ

ក្នុងពិធីបើកបវេសនកាលវគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានផ្ដាំផ្ញើដល់សិស្សវិជ្ជាជីវៈទាំងនោះ ត្រូវខិតខំរៀនសូត្របន្ថែម និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំង នៅពេលចេញបម្រើការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានផ្ដាំថា ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង ទាំងលើការពង្រឹងវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យខ្លួនឯងមានសមត្ថភាពខ្ពស់នៅពេលចេញទៅបម្រើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន។

ទន្ទឹមនឹងការខិតខំរៀនសូត្រ លោក កើត រិទ្ធ បានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការតាមដាន និងក្តាប់ឱ្យបាននូវទិសដៅការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសការងារកែទម្រង់ និងការវិវត្តនានាក្នុងវិស័យយុត្តិធម៌។ លោក បានប្រាប់ទៅកាន់សិស្សវិជ្ជាជីវៈក្នុងវិស័យតុលាការទាំងនោះថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានកំណត់យកគោលការណ៍“គុណាធិបតេយ្យ” ជាគោលការណ៍ក្នុងការតែងតាំងមុខតំណែងទទួលខុសត្រូវនានា ដែលគោលការណ៍នេះក៏ត្រូវបានអនុវត្តនៅក្នុងវិស័យយុត្តិធម៌ផងដែរ ជាពិសេសក្នុងការចាប់ប៉ុស្តិ៍ទៅបំពេញការងារនៅពេលបញ្ចប់ការបណ្តុះបណ្តាល។

គួរឱ្យដឹងថា សិស្សប្រមាណជិត៣០០រូប ដែលរួមមាន សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី​ ត្រូវបញ្ជូនទៅបណ្ដុះបណ្ដាលបន្ថែមនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បន្ទាប់ពីបានខិតខំប្រឹងប្រែងឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ហើយបានជាប់ជាស្ថាពរ កាលពីពេលកន្លងទៅ។

លោករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងចាត់ទុកនេះជារបត់សំខាន់មួយក្នុងជីវិត ក្នុងការបោះជំហានជាបណ្តើរៗក្លាយខ្លួនជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ ក៏ដូចជាសង្គមជាតិ។

នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ ហើយចេញទៅប្រកបវិជ្ជាជីវៈ លោក កើត រិទ្ធ ផ្ដាំបន្ថែមថា ត្រូវខិតខំបំពេញមុខងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឱ្យអស់ពីសមត្ថភាពប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងឧត្តមគតិ។

លោក សង្កត់ធ្ងន់ថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌”។ លោកថា ការប្រកាន់ខ្ជាប់នូវស្មារតីនេះនឹងរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីនៅក្នុងវិស័យយុត្តិធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម