Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ត្រៀមទៅជួបលោក ស៊ី ជិនពីង ដល់ក្រុងប៉េកាំង ក្រោយលោក ត្រាំ ចាកចេញ

បានផុស

នៅ

ពិភពលោក កំពុងដកដង្ហើមធំតាមដានព្រឹត្តិការណ៍នយោបាយនៅទីក្រុងប៉េកាំង ខណៈដែលមានសេចក្តីរាយការណ៍ថា មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅ​ទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី២០ ខែឧសភា ខាងមុខ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺដំណើរទស្សនកិច្ចនេះ នឹងកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជិនពីង បញ្ចប់កិច្ចពិភាក្សាដ៏ក្តៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក ពូទីន និង​លោក ស៊ី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយ​ថ្ងៃទី១៥ ឧសភា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ពូទីន ត្រូវបានគេមើលឃើញថាជាសកម្មភាពការទូតធម្មតា រវាងវិមានក្រឹមឡាំង និងទីក្រុងប៉េកាំង ហើយក៏ប្រហែលជាមិនមានពិធីជប់លៀង ឬការហែក្បួនអបអរសាទរធំដុំអ្វីឡើយ។ យ៉ាង​ណាមិញ វា​គឺជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោក ពូទីន ក្នុងឆ្នាំនេះ ដែលវាកាន់តែសរបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងចិន និងរុស្ស៊ី ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាង​ខ្លាំង។

មហាអំណាចទាំងពីរនេះ បានចាត់ទុកគ្នាទៅវិញទៅមកថា ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងការប្រជែងជាមួយសណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិន បានក្លាយជាបង្អែកសេដ្ឋកិច្ចដ៏ធំ សម្រាប់រុស្ស៊ី ដោយបានជួយសម្រាលបន្ទុកពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច តាមរយៈការទិញប្រេង និងការលក់ទំនិញចាំបាច់ផ្សេងៗឱ្យទៅរុស្ស៊ីវិញ។

លោក ស៊ី ជិនពីង ក៏ធ្លាប់បានប្តេជ្ញាចិត្តថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ចំណែកលោក ពូទីន វិញ ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្នុងជំនួបជាមួយលោក ស៊ី លើកនេះ លោកចង់ជជែកវែកញែកអំពីកិច្ចព្រមព្រៀងធំៗ ទាក់ទងនឹងវិស័យហ្គាស ប្រេងកាត និងថាមពលនុយក្លេអ៊ែរ។ ដំណើរទស្សនកិច្ចដែលបន្តកន្ទុយគ្នាពីជំនួបអាមេរិក-ចិននេះ កំពុងក្លាយជាចំណុចដៅនៃតុល្យភាពអំណាចពិភពលោក ដែលគ្រប់គ្នាកំពុងតាមដានមើលថាតើ ចិននឹងដើរតួបែបណា រវាងមិត្តចាស់រុស្ស៊ី និងគូប្រជែងអាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម