Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា ជំរុញក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ខិតខំបំពេញភារកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

បានផុស

នៅ

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបទាំងអស់ បន្តយកចិត្តទុកដាក់ និង ខិតខំបំពេញភារកិច្ចកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឲ្យកើតមានឡើងក្នុងខេត្ដសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ក្នុងឱកាស លោកនាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប ដោយមានវត្ដមានចូលរួមពីសំណាក់ លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិការ នៃគណបក្សប្រជាជនជាច្រើនរូប កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក ទៀ សីហា បានបន្តថា សាមគ្គីភាព គឺជាកម្លាំងមហាសាល ហើយក្នុងនាមជាក្រុមការងារ ត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬ ការរុញរែកការទទួលខុសត្រូវ មន្ត្រីចាស់ត្រូវផ្ដល់បទពិសោធ មន្ត្រីបន្តវេន ត្រូវខិតខំរៀនសូត្រ និង មានភាពច្នៃប្រឌិត។ ត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និង សេចក្តីសុខរបស់ប្រជាជន។ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ ជាពិសេសការដោះស្រាយបញ្ហាឲ្យទាន់ពេលរាល់កង្វល់នៅមូលដ្ឋាន ដោយត្រូវដោះស្រាយដោយតម្លាភាព និង យុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន។

លោក ទៀ សីហា បានណែនាំដល់អាជ្ញាធរ និង ក្រុមការងារ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន ឆាប់រហ័ស និង មានប្រសិទ្ធភាព។ លុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស និង ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និង គណបក្ស ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។ពង្រឹងសមាជិកបក្សដែលមានស្រាប់ និង ពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ បន្ថែមនេះ លោកក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និង ធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមក ហើយលទ្ធផលសម្រេចបាននេះ មិនមែនដោយចៃដន្យទេ ប៉ុន្តែបានមកពីការរួបរួមកម្លាំងសាមគ្គីភាព និង ការលះបង់របស់ក្រុមការងារគ្រប់ជាន់ថ្នាក់។

ដោយឡែក លោក ប្រាក់ សោភ័ណ បានលើកឡើងពីសមិទ្ធផលនានាដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន ៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននិងកំពុងស្ថាបនាស្ដារពង្រីកបន្ថែមជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប មានសរុបចំនួន ១២១ គម្រោង ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ក្នុងនោះ រួមមាន គម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុងអាមេ ផ្លូវ គ្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធាសាស្ត្រសម្រាប់ស្រោចស្រពកសិផលរបស់ប្រជាជនផងដែរ។

លោកបន្ដថា ក្រៅពីនេះ ខេត្តសៀមរាប បានអភិវឌ្ឍន៍វិស័យជាច្រើនទៀត រួមមាន អភិវឌ្ឍន៍ជនបទ ធនធានទឹក ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែថាមពល ទេសចរណ៍ បរិស្ថាន សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សាសនា និង វិស័យដទៃទៀត ក៏បាននិងកំពុងធ្វើសកម្មភាព និង ទទួលបានលទ្ធផលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

លោកបន្តទៀតថា ជាមួយនឹងលទ្ធផលសម្រេចបាននេះ ពិតជាបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការកណ្តាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច បានដាក់ចេញនូវគោលការណ៍ វិធានការជាក់ស្ដែងគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហានានា បានទាន់ពេលវេលា និង ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព រក្សាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ជីវភាពរស់នៅរបស់ប្រជាជនមានប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម