Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ថា​ការ​ធានា​រ៉ាប់រង​លើ​ការ​ដឹក​ជញ្ជូន​ខ្ពស់​ធ្វើ​ឱ្យប៉ះពាល់​ដល់​តម្លៃ​អង្ករ​កម្ពុជា​

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ែន សុវិជាតិ បាន​ឱ្យ​ដឹង​ថា​បញ្ហា​មួយ​ក្រៅពី​ថ្លៃ​ដើម​ផលិត​​ដែល​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​កម្ពុជា​លើ​ទី​ផ្សារ​អន្តរជាតិ​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​នោះ​គឺ​តម្លៃ​ធានារ៉ាប់រង​លើ​ការ​ដឹក​ជញ្ជូន​ចេញ​ពី​កម្ពុជា​ដែល​ធ្វើ​ឱ្យ​តម្លៃ​អង្ករ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​ថ្លៃ​លើស​ពី​ប្រទេស​ប្រកួត​ប្រជែង​ជា​មធ្យម​ប្រមាណ​៥០ដុល្លារក្នុង​មួយ​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​​ក្នង​វេទិកា​តុ​មូល​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦​ នៅ​រាជបណ្ឌិត្យសភា​កម្ពុជា​ លោក ប៉ែន សុវិជាតិ បាន​ថ្លែង​ថា៖ «យើង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​វៀតណាម​ដែល​ឯកឧត្តម​ ឃឹម ហ្វីណង់ ថា​ថ្លៃ​ជាង​គេ ៥០ ឬ៤០​ដុល្លារ​នោះ។ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​ថ្លៃ​ជាំង​គេ​​នោះ​គឺ​មក​ពី​អ្វី​?​​ ថ្លៃ​ ធានារ៉ាប់រង​ បង​ចន្ទី​និយាយ​ច្បាស់​ណាស់​ថា​ថ្លៃ​ធានារ៉ាប់រង​វា​ថ្លៃ ឱ្យ​តែ​ឮ​ថា​ដឹក​ចេញ​ពី​ខ្មែរ​លេង​ពួយ​ឯង​លើស​ហ្នឹង​តែ​ម្ដង​»

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ បញ្ហា​នេះ​ក៏​កាន់​តែ​ប៉ះពាល់​ដល់​តម្លៃ​អង្ករ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត​ក្រោយ​មាន​សង្គ្រាម​អាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់​កើត​ឡើង​ដែល​ប៉ះពាល់​ដល់​ច្រក​សមុទ្រ​ហូម័ស​មក​។

​​​​​​យោង​តាម​​គេហទំព័រ​ការ​ធានារ៉ាប់រង​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ Cargo insure ​pro តម្លៃ​ធានារ៉ាប់រង​ដែល​ដឹក​ចេញ​ពី​កម្ពុជា​ត្រូវ​បាន​គិត​តម្លៃ​ពី​ ០,១% ទៅ​ ០,៥% នៃ​តម្លៃ​ទំនិញ​ ខណៈ​ការ​ដឹក​ចេញពី​ប្រទេស​ថៃ​មាន​តម្លៃ​ ០,០៥​% ដល់​០,៥% និង​វៀតណាម​គិត​ចន្លោះ​ពី ០,០៥% ទៅ​០,៧%។


អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ឃឹម ហ្វីណង់ បាន​ឱ្យ​ដឹង​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ​ថា​បញ្ហា​តម្លៃ​អង្ករ​ពេល​នេះ​គឺ​ទាក់ទង​នឹង​តម្លៃ​ ហើយ​នឹង​ថ្លៃ​ដើម​នៃ​ការ​ផលិត​។ លោក​បន្ថែម​ថា​ការ​ដំឡើង​ថ្លៃ​អង្ករ​ប្រមូល​ទិញ​លើ​ទីផ្សារ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​តែ​ម្ដង។

លោក​ថា៖ «ទីផ្សារ​អង្ករ​ស យើង​ថ្លៃ​ជាង​គេ​ប្រហែល​៥០ដុល្លារ​ក្នុង​មួយ​តោន​ទៅ​ហើយ។ អ៊ីចឹង​សួរ​ថា​បើ​ថ្លៃ​ជាង​ហ្នឹង​ទៀត! អ្នក​ណា​គេ​មក​ទិញ​យើង​? យើង​ថា​អង្ករ​យើង​ល្អ​ជាង​ បាទ! ដំណាំ​ស្រូវ​គឺ​ជា​ដំណាំ​ដែល​ការ​ប្រកួត​ប្រជែង​សឹង​តែ​ Perfect Compitition ណា។ ខុស​គ្នា​តែ​១០ ឬ​២០​ដុល្លារ​យើង​ក៏​ពិបាក​ដែរ​ »

លោក​បន្ថែម​ថា រាល់​ថ្ងៃ​នេះ​បើ​មាន​ជម្រើស​រដ្ឋាភិបាល​មិន​ចង់​បង្កើន​ផលិត​កម្ម​ស្រូវ​ទេ ដោយ​រដ្ឋាភិបាល​កំពុង​ស្វែង​រក​ការ​ធ្វើ​ពិពិធ​កម្ម​ចេញ​ពី​ដំណាំ​ស្រូវ ខណៈ​កន្លែង​​ខ្លះ​នឹង​រៀបចំ​ឱ្យ​មាន​ការ​ធ្វើ​ស្រែ​ឱ្យ​បាន​២​ដង ឬ​បង្កើត​ឱ្យ​មាន​កសិកម្ម​វិល​ជុំ​សម្រាប់​ប្រជាកសិករ។


លោក​ជំរុញ​បន្ថែម​ទៀត​ឱ្យ​ប្រជា​កសិករ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​បង្កើត​ជា​សហគមន៍​កសិកម្ម​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម។

បើ​តាម​លោក ឃឹម ហ្វីណង់ បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ស្រូវ​បាន​ប្រមាណ​១៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ខណៈ​តម្រូវ​ការ​ក្នុង​ស្រុក​មាន​ប្រមាណ​តែ​៦ទៅ​៧លានតោន​ប៉ុណ្ណោះ ដែល​នៅ​សល់​ក្រៅ​ពី​នោះ​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស។ របាយការណ៍​ក្រសួង​កសិកម្ម​ឆ្នាំ​២០២៥​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​បាន​ប្រមាណ​ ៩៤​ម៉ឺន​តោន ដោយ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ៦០០លានដុល្លាអាមេរិក៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម