អត្ថាធិប្បាយ
បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី«ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ» នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញញត្តិគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយ៉ាងព្រោងព្រាត។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចដើរចេញពីMOU ឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

ការណ៍នេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមានគោលជំហររួមគ្នាជាធ្លុងមួយពីលើដល់ក្រោម ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋសាមញ្ញ និងចាប់ពីមន្ត្រីរាជការរហូតដល់កងកម្លាំងប្រដាប់អាវុធ ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ជានិច្ចកាល កម្ពុជា តែងតែគោរពច្បាប់អន្តរជាតិ និងជៀសវាងដាច់ខាតនូវការប្រើប្រាស់កម្លាំងបាយ ឬយោធាដើម្បីដោះស្រាយជម្លោះ។
ផ្ទុយទៅវិញ ភាគីថៃតែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬជម្លោះដែនគោកឡើយ។ ភាគីថៃមិនដែលគោរពតាមស្មារតីដែលប្រទេសទាំងពីរបានឯកភាពគ្នារួចមកហើយនោះទេ ពោល គឺមិនគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសទាំងពីរជាហត្ថលេខីនោះឡើយ។ លើសពីនេះទៅទៀត ប្រទេសថៃថែមទាំងបានប្រកាសលុបចោលជាឯកតោភាគីនូវMOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌគតិយុត្តទ្វេភាគីតែមួយគត់ ដែលប្រទេសទាំងពីរមានជាមូលដ្ឋានសម្រាប់ការចរចាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងដែនទឹករវាងប្រទេសទាំងពីរ។ មូលហេតុគតិយុត្ត និងការរំលោភបំពានទាំងនេះហើយ ដែលបានជំរុញឱ្យកម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ការដែលកម្ពុជារុញរឿងក្តីនេះទៅកាន់ឆត្រ UNCLOS ភ្លាមៗ គឺបានប្តូរទីលានប្រកួត និងបង្ខំឱ្យថៃត្រូវតែចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃមិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាមកំហែងកម្ពុជាជាឯកតោភាគី ឬអូសបន្លាយពេលវេលា ដើម្បីកេងចំណេញយុទ្ធសាស្ត្របានតទៅទៀតឡើយ ព្រោះបើទោះជាថៃចង់ ឬមិនចង់ ថៃមានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូលខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។
យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព និងនិរន្តរភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏ល្អដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុងផងដែរ។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដពីភាគីថៃ។

យើងសង្ឃឹមថា ភាគីថៃនឹងមិនដើរតាមដានប្រវត្តិសាស្ត្រចាស់ ដែលនាំមកនូវភាពអាម៉ាស់ជាអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ នោះឡើយ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ថៃមិនអាចធ្វើខ្លួនជារដ្ឋទំនើង ឬរដ្ឋព្រៃ ដែលមិនស្គាល់ និងមិនគោរពច្បាប់ទម្លាប់អន្តរជាតិនោះបានទេ៕
ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


