ព័ត៌មានអន្ដរជាតិ
រំលងអ្នកជំនាញសន្តិសុខជាតិ លោក ត្រាំ តែងតាំងជំនួយការផ្នែកធុរកិច្ច ឲ្យដឹកនាំស្ថាប័នស៊ើបការណ៍សម្ងាត់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងប្រធានទីភ្នាក់ងារហិរញ្ញប្បទានលំនៅឋានសហព័ន្ធ ( Federal Housing Finance Agency) លោក Bill Pulte ឲ្យធ្វើជាស្តីទីប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI) និងជាអ្នកត្រួតពិនិត្យលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាល ចំនួន ១៨ ដើម្បីជំនួសតំណែងលោកស្រី Tulsi Gabbard ដែលបានលាឈប់ដោយប្រើមូលហេតុថែប្តីដែលឆ្លងជំងឺ។

សារព័ត៌មាន BBC របស់អង់គ្លេស បានផ្សាយថា លោក ត្រាំ បានប្រកាសពីការតែងតាំង លោក Pulte ដ៏គួឲ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃអង្គារទី២ ខែមិថុនា នៅលើបណ្តាញសង្គម Truth Social។ លោក Pulte បច្ចុប្បន្នជានាយកនៃទីភ្នាក់ងារផ្តល់ហិរញ្ញប្បទានលើវិស័យលំនៅឋានសហព័ន្ធ (FHFA) និងជាប្រធានក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះខ្នាតយក្ស Fannie Mae និង Freddie Mac។
មេដឹកនាំអាមេរិក វ័យ ៧៩ឆ្នាំរូបនេះ បានថ្លែងថា លោក Pulte «មានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការចាត់ចែងកិច្ចការដែលងាយរងគ្រោះបំផុតនៅអាមេរិក ដូចជាសុវត្ថិភាពនិងភាពរឹងមាំនៃទីផ្សារ និងការគ្រប់គ្រងទឹកប្រាក់ជាង ១០ ទ្រីលានដុល្លារនៅក្រុមហ៊ុន Fannie Mae/Freddie Mac ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេល ១២ ខែមុន»។
លោក ត្រាំ បានបញ្ជាក់ថា លោក Pulte នឹងបន្តរក្សាតំណែងចាស់ៗរបស់លោកដដែល សូម្បីតែនៅក្នុងពេលដែលលោកមកបំពេញការងារជំនួសលោកស្រី Gabbard ដែលបានលាឈប់ពីតំណែងកាលពីខែមុន បន្ទាប់ពីទម្លាយថាស្វាមីរបស់លោកស្រីត្រូវបានរកឃើញថាមានជំងឺមហារីក។
តួនាទីបច្ចុប្បន្នរបស់លោក Pulte គឺធានាភាពរឹងមាំនៃទីផ្សារកម្ចីទិញផ្ទះ ប៉ុន្តែលោកបានប្រែក្លាយខ្លួនទៅជាអ្នកនាំពាក្យដ៏មានឥទ្ធិពលម្នាក់ ដែលតែងតែចេញមុខវាយប្រហារលើដៃគូនយោបាយទាំងឡាយណាដែលប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះមិនពេញចិត្ត។ ភាគច្រើនលោកបានតម្រង់គោលដៅលើគូប្រជែងក្នុងស្រុករបស់ ត្រាំ ដោយក្នុងនោះលោកបានវាយប្រហារលើប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ចំពោះការមិនព្រមកាត់បន្ថយអត្រាការប្រាក់គោលឲ្យបានខ្លាំងក្លាដូចអ្វីដែលប្រធានាធិបតីចង់បាន។
ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា លោក Pulte មានជំនាញ ឬបទពិសោធន៍ខាងសន្តិសុខជាតិកម្រិតណានោះទេ ប៉ុន្តែលោកគឺជាភ្ញៀវប្រចាំម្នាក់នៅលើយន្តហោះ Air Force One រាល់ពេលដែលលោក ត្រាំ ធ្វើដំណើរទៅកាន់លំនៅដ្ឋាន Mar-a-Lago របស់លោកនៅឯឆ្នេរ Palm Beach រដ្ឋផ្លរីដា។
តាមរយៈការជ្រើសរើសនេះ លោក ត្រាំ ដែលតែងតែមានការសង្ស័យលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិជាយូរមកហើយនោះ កំពុងតែរំលងបុគ្គលិកដែលមានបទពិសោធន៍ក្នុងកិច្ចការស៊ើបការណ៍សម្ងាត់ និងសន្តិសុខជាតិដ៏រសើប ដោយបង្វែរមកជ្រើសរើសជំនួយការដ៏ស្មោះស្ម័គ្រម្នាក់ ដែលបានកសាងអាជីពនៅក្នុងវិស័យឧស្សាហកម្មសាងសង់ផ្ទះ និងមានប្រវត្តិប្រើប្រាស់បណ្តាញសង្គមបែបវាយប្រហារនិងតតាំង។
ដោយឡែក ក្រុមអ្នកតាក់តែងច្បាប់បក្សប្រជាធិបតេយ្យ បានចេញមុខថ្កោលទោសភ្លាមៗ ចំពោះការសម្រេចចិត្តតែងតាំងលោក Pulte ទៅក្នុងតួនាទីស៊ើបការណ៍សម្ងាត់កំពូលនេះ។ ជាក់ស្ដែង សមាជិកព្រឹទ្ធសភាលោក Mark Warner ដែលជាមន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភា បានលើកថា ជំនួសឲ្យការជ្រើសរើសអ្នកជំនាញសន្តិសុខជាតិដែលទទួលបានការគោរព និងមានសមត្ថភាពផ្តល់ការវិនិច្ឆ័យដោយឯករាជ្យ ប្រធានាធិបតីបែរជាជ្រើសរើសមន្ត្រីម្នាក់ ដែលបានបង្ហាញមិនត្រឹមតែការស្ម័គ្រចិត្តនោះទេ ប៉ុន្តែគឺភាពខ្នះខ្នែងក្នុងការប្រើប្រាស់អំណាចរដ្ឋាភិបាល ដើម្បីធ្វើការសងសឹកខាងនយោបាយទៅវិញ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


