ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន៖ អាណាចក្របច្ចេកវិទ្យាថ្មី កើតចេញពីភ្លើងសង្គ្រាម
គិតត្រឹមឆ្នាំ ២០២៦ នេះ សង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៥ ហើយ។ នៅក្នុងដំណើរការសង្គ្រាមដ៏រ៉ាំរ៉ៃនេះ អ្វីដែលគេកត់សម្គាល់ឃើញខ្លាំងបំផុតនោះគឺ ការផ្លាស់ប្តូរមុខមាត់នៃសមរភូមិទំនើប តាមរយៈការប្រើប្រាស់ «ដ្រូន» ឬយន្តហោះគ្មានមនុស្សបើក។ ពីប្រទេសមួយដែលធ្លាប់តែពឹងផ្អែកលើអាវុធប្រពៃណី អ៊ុយក្រែនបានបំប្លែងខ្លួនទៅជា «មហាអំណាចដ្រូន» មួយក្នុងពិភពលោក តាមរយៈការចាក់បញ្ចូលថវិកាវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្តរជាតិ Just Security វិស័យដ្រូនរបស់អ៊ុយក្រែន បានរីកលូតលាស់ ក្នុងល្បឿនលឿនដូចរន្ទះ។ កាលពីឆ្នាំ២០២២ អ៊ុយក្រែន អាចផលិតដ្រូនបានត្រឹមតែប្រមាណ ៣ ០០០ ទៅ ៥ ០០០គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែក្រោយពីការផ្ទុះឡើងនៃសង្គ្រាម និងការយល់ឃើញពីសារៈសំខាន់នៃអាវុធបច្ចេកវិទ្យាទាបតែមានប្រសិទ្ធភាពខ្ពស់នេះ ទំហំផលិតកម្មបានហក់ឡើងរហូតដល់ប្រហែល ៣លានគ្រឿងក្នុងឆ្នាំ២០២៥ និងត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទៅ ៧លានគ្រឿងនៅក្នុងឆ្នាំ២០២៦ នេះ។
មូលហេតុចម្បងដែលនាំឱ្យមានការវិនិយោគដ៏មហិមានេះ គឺដោយសារតែកត្តាសេដ្ឋកិច្ចសង្គ្រាម។ ដ្រូនប្រភេទ FPV (First-Person View) ដែលជាដ្រូនអត្តឃាតខ្នាតតូច អាចផលិតបានក្នុងតម្លៃត្រឹមតែចន្លោះពី ៣០០ ទៅ ៤០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង។ តម្លៃដ៏ធូរថ្លៃនេះ អាចឱ្យកងទ័ពអ៊ុយក្រែនប្រើប្រាស់វាជំនួសគ្រាប់កាំភ្លើងធំ ដែលកំពុងខ្សត់ខ្សោយ និងអាចកម្ទេចគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់របស់រុស្ស៊ី ដែលមានតម្លៃរាប់លានដុល្លារបានយ៉ាងងាយ។ យោងតាមគេហទំព័រ Just Security ដដែល ការចំណាយរបស់រដ្ឋាភិបាលអ៊ុយក្រែនលើវិស័យការពារជាតិបច្ចុប្បន្ន មានទំហំរហូតដល់ទៅ ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលនេះជាការជំរុញឱ្យមានការបង្កើតទីផ្សារដ្រូនឯកជនយ៉ាងសកម្មនៅក្នុងប្រទេស។

ក្រៅពីកញ្ចប់ថវិកាជាតិរបស់ខ្លួន អ៊ុយក្រែន ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងក្លា ពីបណ្តាប្រទេសជាមិត្តក្នុងតំបន់អឺរ៉ុបផងដែរ។ តាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយ វិទ្យាស្ថាន Kiel Institute សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Euractiv គ្រាន់តែក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦ បណ្តាប្រទេសអឺរ៉ុប បានទម្លាក់កញ្ចប់ជំនួយយោធាចំនួន ១២ភាគរយ (ស្មើនឹងប្រមាណ ១,៥ពាន់លានអឺរ៉ូ ឬជាង ១,៦ពាន់លានដុល្លារ) សម្រាប់តែការផលិតដ្រូនរបស់អ៊ុយក្រែនប៉ុណ្ណោះ។ កញ្ចប់ថវិកានេះ គឺមានទំហំធំជាងការវិនិយោគលើដ្រូនសរុបពេញមួយឆ្នាំ២០២៥ ទៅទៀត (ដែលមានចំនួន ១,២៤ពាន់លានអឺរ៉ូ)។ ក្នុងនោះ អង់គ្លេស អាល្លឺម៉ង់ ន័រវែស និងហូឡង់ គឺជាអ្នកផ្តល់ជំនួយធំជាងគេ ក្នុងការទិញ និងផលិតដ្រូនទាំងនេះ។
បន្ថែមលើនេះ ស្ថាប័នកំពូលរបស់សហភាពអឺរ៉ុប ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកផ្លូវហិរញ្ញវត្ថុ។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គណៈកម្មការអឺរ៉ុប គណៈកម្មការបានសម្រេចអនុម័តលើវិធានការដកបម្រាម និងអនុញ្ញាតឱ្យមាន «ការលើកលែងពិសេសសម្រាប់ការទិញដ្រូន» ដើម្បីពន្លឿនការផ្គត់ផ្គង់អាវុធយុទ្ធសាស្ត្រនេះទៅឱ្យអ៊ុយក្រែន ក្រោមជំនួយកម្ចីសរុបចំនួន ៩០ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៦-២០២៧។
ការវិនិយោគដ៏ធំធេងនេះ មិនត្រឹមតែជួយអ៊ុយក្រែន ក្នុងសមរភូមិការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលនាំចេញបច្ចេកវិទ្យាយោធាដ៏សំខាន់មួយ។ យោងតាមរបាយការណ៍ពី Just Security នៅក្នុងឆ្នាំ២០២៦ នេះ អ៊ុយក្រែនបានចាប់ផ្តើមបង្កើតការិយាល័យនាំចេញអាវុធចំនួន ១០កន្លែងនៅទូទាំងអឺរ៉ុប និងបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស ដ្រូនសមុទ្រ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកទៅឱ្យបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស ទៀតផង៕

អត្ថបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


