Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង បដិសេធព័ត៌មាន ដែល​ថា «ចិន លួចបង្វឹកទាហានរុស្ស៊ី ឱ្យទៅវាយនៅអ៊ុយក្រែន»

បានផុស

នៅ

វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៦ បានចេញមុខបដិសេធភ្លាមៗ ដោយចាត់ទុកថាជាព័ត៌មានមិនពិត ចំពោះរបាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលទម្លាយថា កងទ័ពប្រទេសចិន បានលួចលាក់ធ្វើការហ្វឹកហ្វឺនដល់ទាហានរុស្ស៊ីប្រមាណ ២០០នាក់ នៅលើទឹកដីចិន កាលពីចុងឆ្នាំមុន ហើយក្នុងនោះមានទាហានខ្លះ បានចេញទៅសមរភូមិប្រយុទ្ធផ្ទាល់ នៅប្រទេសអ៊ុយក្រែនថែមទៀតផង។

លោក ពូទីន និង​លោក ស៊ី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់រ៉យទ័រ ដែលអះអាងថាបានពិនិត្យមើលឯកសារកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងចិន កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ជាក់ថា ភាគីទាំងពីរ មានការព្រមព្រៀងគ្នាបញ្ជូនកងទ័ពរុស្ស៊ីប្រហែល ២០០ នាក់ ឱ្យទៅទទួលការបណ្តុះបណ្តាលនៅតាមមូលដ្ឋានយោធាមួយចំនួន រួមមាន នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងណានជីង ភាគខាងកើតប្រទេសចិន។ លើសពីនេះ នៅក្នុងកិច្ចព្រមព្រៀងដដែលនោះ ក៏បានចែងផងដែរថា កងទ័ពចិនរាប់រយនាក់ ក៏នឹងត្រូវបញ្ជូនទៅទទួលការហ្វឹកហ្វឺន នៅតាមមូលដ្ឋានយោធានៅក្នុងប្រទេសរុស្ស៊ីវិញដូចគ្នា។

នៅពេលដែលត្រូវបានសួរដេញដោលជុំវិញរបាយការណ៍ដ៏ក្តៅគគុកនេះ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបយ៉ាងខ្លីថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានចុះផ្សាយដោយសារព័ត៌មានទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា នេះជាបញ្ហាប្រឈមដ៏ធំមួយ ដែលរុស្ស៊ីកំពុងតែជួបប្រទះ ហេតុនេះរាល់ព័ត៌មានមិនពិត និងការចោទប្រកាន់ទាំងឡាយបែបនេះ គឺមិនអាចយកជាការបានឡើយ ហើយត្រូវតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យចាញ់បោកគេ។

ជាផ្លូវការ ទីក្រុងប៉េកាំង តែងតែប្រកាសប្រាប់ពិភពលោកថា ខ្លួនរក្សាជំហរ «អព្យាក្រិត» ទាំងស្រុងនៅក្នុងជម្លោះសង្គ្រាមនៅអ៊ុយក្រែន ហើយចិនតែងតែព្យាយាមបង្ហាញខ្លួនឯងថា ជាអ្នកសម្របសម្រួលស្វែងរកសន្តិភាព។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក៏បានលើកយកបញ្ហា និងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅអ៊ុយក្រែន មកជជែកពិភាក្សគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងប្រទេសចិនផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម