Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​កាអ៊ីរ៉ង់ ​​ផ្តែ​ផ្តាំ​​​ទៅ​ មេដឹកនាំ​លីបង់ ឲ្យ​ងាក​ទៅមើល​​អ្នក​ឈ្លានពាន បន្ទាប់​ពី​ចោទ​អ៊ីរ៉ង់​​ថា «យកលីបង់​ជាថ្នូរ​​» ​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស​ អារ៉ាហ្គឈី (Abbas Araghchi) នៅថ្ងៃទី៦ ខែមិថុនា បានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ដែលថា ទីក្រុងតេហេរ៉ង់កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​ប្រទេស​លីបង់​ ដោយ លោក​រដ្ឋមន្ត្រី បាន​ផ្តាំទៅកាន់មេដឹកនាំរូបនោះថា «សូមផ្ដោតលើសត្រូវពិតប្រាកដរបស់ខ្លួនវិញទៅ»​។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានាធិបតីលីបង់ លោក Joseph Aoun (រូបភាព៖Reuters )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ (ISNA) លោក អារ៉ាហ្គឈី បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «ផ្អែកលើការលើកឡើងរបស់ លោក អាអូន គេអាចគិតថា គឺអ៊ីរ៉ង់ហើយមើលទៅ ដែលបានចូលកាន់កាប់ទឹកដី ១ ភាគ ៥ នៃប្រទេសលីបង់ ដោយបង្ខំឲ្យប្រជាជនលីបង់ ១ ភាគ ៤ ភៀសខ្លួនចេញពីផ្ទះសម្បែង និងកំពុងទម្លាក់គ្រាប់បែកលើប្រទេសរបស់លោកជារៀងរាល់ថ្ងៃនោះ។ ប្រសិនបើលីបង់ពិតជាឈ្នាន់សម្រាប់ដោះដូរនយោបាយរបស់អ៊ីរ៉ង់មែននោះ យើងប្រហែលជាទទួលបានកិច្ចព្រមព្រៀងតាំងពីយូរណាស់មកហើយ»។

អ្នកការទូតជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ចុងក្រោយថា «សូមជួយសង្គ្រោះប្រទេសលីបង់ពីសត្រូវពិតប្រាកដរបស់លោកវិញទៅ លោកប្រធានាធិបតី!»។

ការឆ្លើយឆ្ល​ង​​​ពាក្យសម្តី​ក្នុង​ន័យ​ខែ្វង​​គ្នានេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី លីបង់ ចូសេហ្វ អាអូន បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់កំពុងប្រើប្រាស់ប្រទេសលីបង់ធ្វើជា «ឈ្នាន់ដោះដូរ» នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយប្រជាជនលីបង់កំពុងតែរងគ្រោះបង់ថ្លៃជំនួសផលប្រយោជន៍របស់អ៊ីរ៉ង់។ ការរិះគន់ចំៗរបស់លោក អាអូន ធ្វើឡើងបន្ទាប់ពីក្រុមហេសបូឡា បានទាត់ចោលកិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

តើ «សន្លឹក​បៀឈ្នះ» ដែលយោធាជាន់ខ្ពស់អ៊ីរ៉ង់ នឹង​បញ្ចេញ​ប្រើ ជា​អ្វី?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម