Connect with us

កីឡា

ទម្រង់ប្រកួតថ្មីក្នុងពាន Shopee Cup ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង មានភាគរយអាចឡើងដល់វគ្គខ្វែង

បានផុស

នៅ

ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២០២៧ បានចាប់ឆ្នោតបែកចែកពូលរួចរាល់ ខណៈងាកទៅមើលទម្រង់ប្រកួតវិញ មានការប្រែប្រួលមួយចំនួន ដែលនឹងអាចធ្វើឱ្យក្រុមតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង ឡើងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គខ្វែងជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅទីក្រុង ចាកាតា ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃ សុក្រ ទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ គឺក្រុម ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា ជើង​ឯកលីគ​ម៉ាឡេស៊ី Johor Darul Tazim, ក្រុមជើង​ឯកលីគ​សិង្ហបុរី Lion City Sailors។

ក្រុមជើងឯកលីគវៀតណាម Cong An Ha Noi, ក្រុមជើង​ឯក​លីគឥណ្ឌូណេស៊ី Persib Bandung, ក្រុម Port FC ​របស់ថៃ​ និងក្រុមជម្រុះ ១ ទៀត រវាងក្រុម​ Ezra FC ជើងឯកលីគ​​ឡាវ និង​ក្រុម​ Shan United ជើង​​ឯកលីគ​មីយ៉ាន់ម៉ា។

ដោយឡែកនៅពូល A វិញមាន ក្រុម ថៃ Buriram United, ក្រុម ថៃ Ratchaburi FC​, ក្រុមសិង្ហបុរី Tampines Rover, ក្រុមម៉ាឡេស៊ី Kuching City, ក្រុម ជើងឯក​ពាន Vietnam Cup, ក្រុមឥណ្ឌូណេស៊ី Borneo FC និងក្រុមជម្រុះ ១ ទៀតរវាងក្រុមហ្វីលីពីន Manila Digger និងក្រុម ព្រុយណេ Indera SC។

ចំណុចគួរឱ្យចាប់អារម្មណ៍ពីពាន Shopee Cup រដូវកាលថ្មីនេះ គឺបានបង្កើនក្រុមចូលរួមពី ១២ ក្រុម មកដល់ ១៤ ក្រុម។ ក្រឡេកទៅមើលទម្រង់ប្រកួត គឺបានការរក្សាការបែងចែកពូលជា ២ ពូលដដែល ដោយមួយពូលមាន ៧ ក្រុម។

ប៉ុន្តែអ្វីដែលខុសប្លែកពីរដូវកាលមុន គឺនៅរដូវកាលថ្មីនេះ បានកំណត់យកមួយពូលមាន ៤ ក្រុម ដើម្បីឡើងទៅកាន់វគ្គខ្វែង។ ប្រការនេះមានន័យ ថា ក្រុមពីលេខ ១ ដល់លេខ ៤ នៃពូលនីមួយៗ គឺទទួលបានកៅអីឡើងទៅកាន់វគ្គ ៨ ក្រុម។ ចំណែកក្រុមពីលេខ ៥ ដល់លេខ ៧ ត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមនេះ។

ផ្ទុយពីរដូវកាលមុនៗ ដែលបានរៀបចំ ១ ពូលមាន ៦ ក្រុម។ ការប្រកួតមិនមានវគ្គ ៨ ក្រុមនោះទេ ដោយមួយពូល មានតែ ២ ក្រុមប៉ុណ្ណោះ ត្រូវឡើងទៅវគ្គបន្ត។ ប្រការនេះមានន័យ ថា ក្រុមលេខ ១ និង ២ នៃពូលនីមួយៗ គឺទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។

តាមរយៈទម្រង់ថ្មីនេះ បានក្លាយជាផលវិជ្ជមានមួយសម្រាប់ក្រុម ព្រះខ័នរាជស្វយរៀង ដើម្បីមានឱកាស ឆ្លងផុតវគ្គចែកពូលជាលើកដំបូងនៅក្នុងពាន Shopee Cup។ នា ២ រដូវកាលមុន ក្រុមជើងឯកលីគកំពូល កម្ពុជា បានចូលរួមប្រកួតពាននេះ ២ លើកជាប់គ្នា ប៉ុន្តែបានត្រឹមខកចិត្តហាលអាវត្រឹមវគ្គចែកពូល បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៣ ពីររដូវកាលជាប់គ្នា៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម