Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ ក្រើនរំឮកសិស្សថ្នាក់ទី១២ ខិតខំរៀនសូត្រធ្វើលំហាត់ដើម្បីជោគជ័យខណៈប្រឡងបាក់ឌុបខិតចូលមកដល់

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រើនរំឮកសិស្សានុសិស្សថ្នាក់ទី ១២បន្តខិតខំរៀនសូត្រ និងធ្វើលំហាត់ដើម្បីទទួលបានជោគជ័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងរៀបចំឡើងនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងនាឱកាសលោករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី ០៧ ខែមិថុនា ក្នុងគោលបំណងនៃជំនួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២នេះ ដើម្បីពិនិត្យមើលស្ថានភាពសាលារៀន និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនប្រឡង សាកសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ ។ ជាពិសេសគឺនាំយកនូវឯកសារមេរៀនសង្ខេបថ្នាក់ទី១២ មកចែកជូន ដើម្បីជាជំនួយដល់ការរៀនសូត្រ និងផ្ដល់នូវគន្លឹះរៀនសូត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្នុងឱកាសនេះ លោកជំរុញថា៖« សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ សូមប្អូនៗថ្នាក់ទី១២ ទាំងអស់ បន្តខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ជាពិសេសត្រូវរក្សាឱ្យបាននូវអត្រាជាប់ខ្ពស់នេះបន្តទៀត ដែលមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពសម្រាប់គ្រួសារ សាលារៀន និងសហគមន៍ឃុំកងតាណឹងផងដែរ»។

នាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានរំឭកថា កាលពីឆ្នាំ២០១៤ ពេលចាប់ផ្ដើមកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាលើកដំបូង អត្រាសិស្សជាប់នៅកងតាណឹងមានតែ ២៣% ប៉ុណ្ណោះ ហើយឆ្នាំ២០១៥ ឡើងដល់ ៤៨%។ បន្ទាប់ពីក្រុមការងារក្រសួងរៀបចំគ្រូល្អៗមកជួយបង្រៀនបំប៉នបន្ថែម បានជួយឱ្យឃុំកងតាណឹងសម្រេចបានអត្រាសិស្សប្រឡងជាប់ឡើងដល់ ៦០% ហើយឥឡូវនេះអត្រាជាប់ឡើងដល់ ៩៩% ក្នុងឆ្នាំ២០២៤ និង ៩៨% ក្នុងឆ្នាំ២០២៥ ដែលនេះគឺជាអត្រាខ្ពស់ជាងគេនៅទូទាំងប្រទេស។ 

ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តសិស្សត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយត្រូវយកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដែលចែកជូនថ្ងៃនេះ យកទៅអាន និងហាត់អនុវត្តឱ្យច្រើន បន្តថែរក្សាសុខភាពឱ្យបានរឹងមាំ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អៗ ជាពិសេសគឺឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យាល័យដែលខ្លួនប៉ងប្រាថ្នា និងសិក្សាជំនាញដែលខ្លួនស្រឡាញ់។

ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារក្រសួង ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាព និងគ្រប់រូបភាព ដើម្បីធានាបានថាប្អូនៗសិស្សានុសិស្សយើងនឹងទទួលបានលទ្ធផលល្អ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេជាច្រើនឆ្នាំមកនេះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ សម័យប្រឡង៖ ១០ សីហា ២០២៦។ ដំណើរការនៃការប្រឡងនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម