Connect with us

ព័ត៌មានជាតិ

​បុរស​ជនជាតិ​អាមេរិក​ប្រាប់​​អព្ភូតហេតុ​ ប្រាសាទ​បុរាណ​​ខ្មែរ​ហាក់​មាន​ថាមពល​ពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ

បានផុស

នៅ

អ្នក​ទេសចរអាមេរិក​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បាន​រៀបរាប់​បទ​ពិសោធន៍​​​ដែល​បាន​មក​ទស្សនា​និង​រស់នៅ​ខេត្ត​សៀមរាប ខណៈ​ដែល​លោក​ជឿជាក់ ហាក់​​ទទួលបានអារម្មណ៍​ពិសេស​នៃ​ព្រលឹង​ប្រាសាទបុរាណខ្មែរ​នៅ​តំបន់​អង្គរ។

លោក Craig Dodeg បាន​មក​ទស្សនា​​ខេត្ត​សៀមរាប​ជា​លើកដំបូង​នៅ​ក្នុងឆ្នាំ ២០០៩។ ​​ជិត ២០ ឆ្នាំ នេះ លោក​​បាន​ផ្សារ​ភ្ជាប់​ក្តី​ស្រលាញ់​ជាមួយ​វប្បធម៌​ខ្មែរ​យ៉ាងជ្រាលជ្រៅ។

ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗ​កន្លង​ទៅ​នេះ លោក​បាន​ប្រាប់​​ពី​ជំនឿមួយ​ ដែលប្រាសាទខ្មែរ​ហាក់​អាច​​ឲ្យលោក​ផ្ញើសារ​ឬ​ជជែកទៅសាច់ញាតិនៅ​ទីសែន​ឆ្ងាយ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Craig Dodeg ផ្តល់សម្ភាសន៍​ដល់អ្នកសារព័ត៌មាន

លោក Craig Dodeg ​ប្រាប់​ថា ទោះបីជា​លោក​មិនសូវដឹង​ច្បាស់​អំពីប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យ​លោក​ចាប់អារម្មណ៍ខ្លាំងបំផុតគឺ​ព្រលឹងនិងស្មារតី​ ដែលស្ថិតនៅ​ក្នុង​​ប្រាសាទ​បុរាណខ្មែរ​។

លោក​បាន​លើក​យក​ទីតាំង​ចំនួន​ពីរ​ដែលធ្វើឲ្យ​លោក​រំជួល​ចិត្ត​បំផុត គឺ​នៅ​ពេល​លោក​បាន​ទៅ​ទស្សនា​​នៅ​ក្លោង​ទ្វារ​ខ្មោច​នៃ​ប្រាសាទ​អង្គរធំ ដែល​លោក​បាន​រៀបរាប់​ពី​ទិដ្ឋភាព​នៅ​ទី​នោះ​មាន​ភាព​ស្ងាត់ជ្រងំ ដែល​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​ថា​អាច​ទាក់ទងឬ​និយាយ​ជាមួយ​សាច់​ញាតិ​នៅ​ទី​ដ៏​សែន​ឆ្ងាយ​។

លោក​រៀបរាប់​ដូច្នេះ​ថា «កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ពេល​ដែល​ឪពុក​របស់​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់​រៀប​នឹង​លា​ចាក​លោកទៅ​នៅ​សហរដ្ឋអាមេរិក ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ក្រោម ហើយ​និយាយ​បណ្តែត​តាម​ខ្យល់​ប្រាប់​ឪពុក​ថា បើ​ដល់ពេល​ត្រូវទៅហើយ ពុក​ក៏​ទៅចុះ។ ត្រឹមតែ ១៥ នាទី​បន្ទាប់​ពី​ខ្ញុំ​ចុះ​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​ទទួល​បាន​ទូរសព្ទ​ប្រាប់ថា​ឪពុក​ខ្ញុំ​បានស្លាប់បាត់បង់ជីវិតមែន»។

លោក​បាន​រំលឹក​ហេតុការណ៍​នេះ​ធ្វើឲ្យ​លោក​ជឿ​ថា តំបន់​អង្គរ​មាន​ថាមពល​ពិសេស​ម្យ៉ាង​ដែល​ប៉ះពាល់​ដល់​ព្រលឹង និង​អាច​បញ្ជូន​សារ​របស់​គាត់​បាន។

លោក​​ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ពេល​លោក​មក​ទស្សនាតំបន់​​អង្គរ​ជា​លើកទីមួយ​ជាមួយ​ក្រុម​ទេសចរណ៍ លោក​កត់​សម្គាល់ឃើញ​​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ចូលចិត្ត​​ដើរ​ប្រញាប់​ប្រញាល់ ដែល​ធ្វើឲ្យ​ពួកគេ​រំលង​តម្លៃ​ពិត​ប្រាកដ​នៃ​តំបន់អង្គរ។

លោក​​ប្រាប់​ថា «ដើម្បី​ស្គាល់​អង្គរ​ឲ្យ​ច្បាស់ គេ​មិន​ត្រូវ​ដើរ​ប្រញាប់ពេក​ទេ គឺ​ត្រូវ​ចំណាយ​ពេល​ដើរ​យឺត​ៗ ស្ដាប់​ភាព​​ស្ងាត់ស្ងៀម និង​សំឡេង​ធម្មជាតិ​ដូចជា​សំឡេង​សត្វចាប ដើម្បី​ទទួល​យក​បរិយាកាស និង​ថាមពល​ផ្លូវចិត្ត​នៅទីនោះ»។

ការ​ដើរទស្សនានៅ​តំបន់អង្គរ លោក​ Craig Dodeg ចូលចិត្តទៅកន្លែង​ដែលមិន​សូវ​មាន​ភ្ញៀវ​ទេសចរ​​ទៅដល់​ ដូចជា​ជិះកង់ឬដើរ​តាមផ្លូវដីក្នុងព្រៃ​ដែលកើតចេញពីការដើរចុះឡើងរបស់អ្នកភូមិ ជា​ជាង​ការ​ដើរតាមផ្លូវចាក់សាប ដោយវាផ្តល់នូវអារម្មណ៍រុករកពិតៗ ដូចជា​ការផុស​ចេញ​ពីព្រៃ​មក​ប្រទះ​នឹង​ប្រាសាទ​តែម្ដង។

ពាក់ព័ន្ធ​សម្បត្តិ​​វប្បធម៌​ខ្មែរ​ដែល​​បន្សល់​ទុក​នេះ បុរស​ជនជាតិ​អាមេរិក​រូប​នេះ​មាន​ការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់​បុព្វបុរសខ្មែរកាលជំនាន់មុន។ លោក​ស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះ​ឆន្ទៈ ភាព​ព្យាយាម និង​​សមត្ថភាព​របស់​មនុស្សសម័យ​មុន ដែល​អាច​ដឹក​ថ្ម​ឡើងភ្នំ និង​សាងសង់​សំណង់​ដ៏អស្ចារ្យនេះបាន។

លោក​ក៏លើក​ឡើង​ពី​បាតុភូតសមរាត្រី (Equinox) ដែលព្រះអាទិត្យរះ​ចំកណ្ដាល​កំពូលប្រាសាទអង្គរវត្ត។

លោក​ជឿជាក់ថា បុព្វបុរស​ខ្មែរសម័យ​មុន​ពូកែសង្កេតមើលផ្កាយ ព្រះអាទិត្យ និងគន្លងតារា ទើបអាច​គណនា​ប្លង់​សាងសង់​បានយ៉ាង​ត្រឹមត្រូវ​បែបនេះ។ ក្រៅពីនេះ លោក​ក៏មានការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំប្រព័ន្ធទឹក និងធារាសាស្ត្ររបស់ដូនតាខ្មែរនាសម័យនោះផងដែរ។

បន្ថែមពីនេះ លើសពីការអភិរក្សប្រពៃណីវប្បធម៌​បុរាណ លោក​ក៏​ចង់​ឲ្យពិភពលោក​បាន​ឃើញនិង​ផ្តល់​តម្លៃ​ដល់​សិល្បៈបែប​ទំនើប ឬ​សហសម័យរបស់កម្ពុជាផងដែរ ដូចជា សិល្បៈសៀក តន្ត្រីករ អ្នក​គូរ​គំនូរ​ជីវចល និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បី​បង្ហាញ​ពី​ការ​វិវឌ្ឍចម្រុះ​នៃ​វប្បធម៌ខ្មែរ​នា​ពេលបច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម