Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការខេត្ត Pattani កាត់ទោសជនមូស្លីមម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត រុញស្ថានការណ៍ភាគខាងត្បូង កាន់តែក្តៅ

បានផុស

នៅ

តុលាការខេត្ត Pattani បានកាត់ទោស សមាជិកម្នាក់ នៃក្រុមផ្តាច់ខ្លួនមូស្លីម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការវាយប្រហារ សម្លាប់មន្ត្រីប៉ូលិសម្នាក់ ពេលកំពុងបំពេញកាតព្វកិច្ច។

(រូប៖ Amarin)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦, ជនមូស្លីមរូបនេះមានឈ្មោះ Muhammad Khairi បានចូលរួមក្នុងប្រតិបត្តិការរបស់ក្រុមផ្តាច់ខ្លួន វាយប្រហារលើកងកម្លាំងថៃ លើផ្លូវដែក Na Pradu ក្នុងស្រុក Khok Pho នៃខេត្ត Pattani កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ជាលទ្ធផលនៃការវាយប្រហារនោះ បានបណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ ឈ្មោះ Phichak Buakaew ត្រូវបាត់បង់ជីវិត។ 

Khairi ត្រូវបានចោទប្រកាន់ពីបទ សមគំនិត ចូលរួមក្នុងសកម្មភាពភេរវកម្ម និងបទឃាតកម្មគិតទុកជាមុន។ ដំបូងឡើយ តុលាការ សម្រេចផ្ដន្ទាទោសប្រហារជីវិតជនមូស្លីមរូបនេះ ប៉ុន្តែបន្ទាប់ពីមានការសហការ និងផ្តល់ចម្លើយសារភាព រូបគេក៏ត្រូវបានសម្រាលទោស មកនៅត្រឹម ជាប់ពន្ធនាគារអស់មួយជីវិត វិញ។

(រូប៖ Amarin)

សាលក្រមនេះ កើតឡើងចំពេលស្ថានការណ៍នៅភាគខាងត្បូងប្រទេស កំពុងក្តៅគគុក ដោយក្រុមផ្តាច់ខ្លួន បើកការវាយប្រហាររាល់ថ្ងៃ បង្កភាពចលាចល និងវឹកវរខ្លាំង។

ករណីធំចុងក្រោយបំផុត នាពេលថ្មីៗនេះ គឺការបំផ្ទុះគ្រាប់បែក កម្ទេចស្ថានីយប្រេងឥន្ធនៈ ៣កន្លែងផ្ទួនៗគ្នា ក្នុងខេត្ត Yala និង Pattani កាលពីរាត្រីថ្ងៃអាទិត្យ។

ករណីដំបូង គឺកើតឡើងនៅខេត្ត Yala ដោយ គ្រាប់បែក មួយគ្រាប់ បានផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ក្នុងឃុំ Sateng នៃស្រុក Mueang នាវេលាម៉ោងប្រហែល ១១យប់។ ការវាយប្រហារនោះ មិនបណ្តាលឲ្យមានជនរងគ្រោះទេ ប៉ុន្តែ វាបង្កការខូចខាតយ៉ាងដំណំ ដល់រចនាសម្ព័ន្ធខាងក្នុង នៃស្ថានីយ។

(រូប៖ Amarin)

នាពេលដំណាលគ្នានោះ នៅខេត្ត Pattani ឯណោះ ក៏មានការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ ដដែលនេះផងដែរ ដោយគ្រាប់បែក បានផ្ទុះនៅ ២កន្លែងផ្ទួនៗគ្នា។

ទី១ គឺគ្រាប់បែកបានផ្ទុះ នៅស្ថានីយប្រេងឥន្ធនៈ PT ស្រុក Sai Buri បណ្តាលឲ្យមនុស្សម្នាក់ របួស ខណៈការវាយប្រហារទី២ កើតនៅស្រុក Yaring ប៉ុន្តែមិនមានរបាយការណ៍ អំពីជនរងគ្រោះទេ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម