Connect with us

ព័ត៌មានអន្ដរជាតិ

ថៃភាគខាងត្បូងក្ដៅគគុក! គ្រាប់បែក ផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ ៣ទីតាំងផ្ទួនគ្នា ក្នុងយប់តែមួយ

បានផុស

នៅ

ភាគខាងត្បូងប្រទេសថៃ កាន់តែចលាចលខ្លាំងឡើងៗ ដោយមួយរយៈចុងក្រោយ កើតមានការវាយប្រហារជាបន្តបន្ទាប់ ឥតស្រាកស្រាន្ត ជាពិសេសកាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦​ មានការបំផ្ទុះគ្រាប់បែក កម្ទេចស្ថានីយប្រេងឥន្ធនៈ ៣កន្លែងផ្ទួនៗគ្នា ក្នុងខេត្ត Yala និង Pattani។

(រូប៖ Facebook)

តាមការផ្សាយរបស់ Amarin TV, ករណីដំបូង គឺកើតឡើងនៅខេត្ត Yala ដោយ គ្រាប់បែក មួយគ្រាប់ បានផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ក្នុងឃុំ Sateng នៃស្រុក Mueang នាវេលាម៉ោងប្រហែល ១១យប់។

ការវាយប្រហារនោះ មិនបណ្តាលឲ្យមានជនរងគ្រោះទេ ប៉ុន្តែ វាបង្កការខូចខាតយ៉ាងដំណំ ដល់រចនាសម្ព័ន្ធខាងក្នុង នៃស្ថានីយ។

(រូប៖ Facebook)

នាពេលដំណាលគ្នានោះ នៅខេត្ត Pattani ឯណោះ ក៏មានការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ ដដែលនេះផងដែរ ដោយគ្រាប់បែក បានផ្ទុះនៅ ២កន្លែងផ្ទួនៗគ្នា។

ករណីទី១ គឺគ្រាប់បែកបានផ្ទុះ នៅស្ថានីយប្រេងឥន្ធនៈ PT ស្រុក Sai Buri បណ្តាលឲ្យមនុស្សម្នាក់ របួស ខណៈករណីទី២ កើតនៅស្រុក Yaring ប៉ុន្តែមិនមានរបាយការណ៍ អំពីជនរងគ្រោះទេ។

(រូប៖ Facebook)

គ្មានអ្វីត្រូវសង្ស័យឡើយ ប៉ូលិសថៃ បានចង្អុលចំៗ ទៅក្រុមផ្តាច់ខ្លួនឥស្លាម ថានៅពីក្រោយអំពើហិង្សានេះ ដោយមានគោលបំណងបង្កចលាចល និងអស្ថិរភាព។

មុននោះ ២ថ្ងៃ ក៏កើតមានការវាយប្រហារធំៗ ចំនួន២ខេត្ត ផ្សេងគ្នាផងដែរ នៅភាគខាងត្បូងប្រទេសថៃ ដោយករណីទីមួយ កើតឡើងនៅភូមិ Khao Din នៃឃុំ Paku ស្រុក Thung Yang Daeng ខេត្ត Pattani ដោយគ្រាប់បែកមួយគ្រាប់ មានទម្ងន់ ១៥គីឡូក្រាម បានផ្ទុះនៅមុខសាលាសាសនាមួយ បណ្តាលឲ្យអ្នកភូមិ ៤នាក់ ត្រូវរបួស។

(រូប៖ Facebook)

ចំណែកករណីទី២ កើតឡើងក្នុងខេត្ត Yala ដោយជនផ្តាច់ខ្លួនមួយក្រុម មានគ្នា ៨-១០នាក់ ប្រដាប់ដោយកាំភ្លើងវែង ស្លៀកពាក់បន្លំជាឯកសណ្ឋានយោធា បានដុតបំផ្លាញ រថយន្តដឹកទំនិញមួយគ្រឿង ខ្ទេចទាំងស្រុង។

មិនមែនជារឿងធម្មតាឡើយ! អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនានេះតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។

រឿងនេះសបញ្ជាក់ថា ប្រទេសថៃ កំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរ កាន់តែជ្រៅ ដោយគ្រប់ជ្រុងនៃព្រំដែន សុទ្ធតែមានបញ្ហា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម