ព័ត៌មានជាតិ
អភិបាលភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌមានវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជំងឺកូវីដ-១៩ថ្មី និងផ្សារ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះ មានខណ្ឌមួយចំនួនបានផ្ទុះឡើងនូវជំងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនិងការផ្ទុះឡើងជំងឺកូវីដ-១៩ជាថ្មីឡើងវិញ។
តំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ ,នៅសហគមន៍AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការជាធម្មតាមិនធ្វើការហាមប្រាមនោះទេ។ អ្វីដែលយើងហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលយើងបានកំណត់ជាទីតាំងបិទខ្ទប់ដូចប៉ុន្មានសង្កាត់ខាងលើ។ លោកឃួង ស្រេងបានបន្តថា ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។


ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ។ លោកថា ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។ បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារនេះ ឲ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវីដ-១៩ ភាគច្រើនផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


