Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​ថ្ងៃទី​១០​កក្កដា

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋបាល​ខេត្ត​សៀមរាប​នឹង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជួន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​នៅ​ថ្ងៃទី​១០​កក្កដា​ឆ្នាំ​២០២១​ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​ស្ដីពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប​ខេត្ត​ចុះ​ថ្ងៃទី​០៨​កក្កដា​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​សៀមរាប​នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ទី ១​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​សៀមរាប​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២៣ ខែកក្កដា ​ឆ្នាំ​២០២១ ​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ចំនួន​៣៨​ទីតាំង​ពេលព្រឹក​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១១​និង​៣០​នាទី​និង​ពេល​រសៀល​ចាប់ពី​ម៉ោង​២​ដល់​ម៉ោង​៥​រសៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ​ឬ​ លិខិតឆ្លងដែន​ឬ​សំបុត្រកំណើត​ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​ហើយ​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់​បំផុត​នូវ​គោលការណ៍​ណែនាំ​និង​វិធានការ ៣​ការពារ​និង​៣​កុំ​និង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឱ្យបាន​ល្អប្រសើរ។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់ ​«​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រយៈពេល ១៤​ថ្ងៃនេះ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​តែប៉ុណ្ណោះ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ស្រុក​នឹងត្រូវ​ចាក់​នៅពេល​បន្ទាប់​។ ​អាស្រ័យហេតុនេះ​សូម​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប​អញ្ជើញ​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដូ​ស​ទី​១​តាម​ពេលវេលា​កំណត់​ខាងលើ​នៅតាម​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានកំណត់​»​។

ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន​៣៨​កន្លែង​នោះ​រួមមាន ១. សង្កាត់​ទឹក​វិល ចាក់​នៅ​វត្ត​សណ្ដាន់ សាលារៀន​បឋមសិក្សា​ភូមិ​ជ័យ​និង​សាលាបឋមសិក្សា​គោក​ដូង​។ ២. សង្កាត់​សាលា​កំរើក ចាក់​នៅ​សាលាបឋមសិក្សា​វត្ត​ដំណាក់​សាលាបឋមសិក្សា​វត្ត​បូព៌​និង​សាលា​អនុ​វិទ្យា​ល័យ​ហ៊ុនសែន​វត្ត​ស្វាយ។ ៣. សង្កាត់​ជ្រាវ ចាក់​នៅ​សាលាបឋមសិក្សា​ជ្រាវ សាលាបឋមសិក្សា​ខ្នារ​ចាស់​និង​សាលាបឋមសិក្សា​តា​ពេជ្រ​។ ៤.​សង្កាត់​ចុង​ឃ្នៀ​ស ចាក់​នៅ​សាលា​អនុវិទ្យាល័យ​ចុង​ឃ្នា​ស​សាលាបឋមសិក្សា​ចុង​ឃ្នា​ស​។ ៥. សង្កាត់​គោកចក ចាក់​នៅ​វត្ត​ប្រាសាទ​គោកចក​។

៦. សង្កាត់​នគរធំ ចាក់​នៅ​សាលាបឋមសិក្សា​ក្រ​វ៉ាន់​និង​សាលាបឋមសិក្សា​សាមគ្គី​សហគមន៍​គូ​តាំ​តា​អញ្ចាញ​។

៧. សង្កាត់​សៀមរាប ចាក់​នៅ​សាលា​អនុវិទ្យាល័យ​ពោធិ៍​បន្ទាយ​ជ័យ សាលា​វិទ្យាល័យ​អារញ្ញ​សាគរ CFC មណ្ឌល​សុខភាព​សៀមរាប សាលាបឋមសិក្សា​គង់​ម៉ុ​ច និង​សាលាបឋមសិក្សា​ភ្នំ​ក្រោម​ស៊ូ​វុន ។​

៨. សង្កាត់​ស្រ​ង៉ែ ចាក់​នៅ​សាលាបឋមសិក្សា​ភូមិ​ថ្នល់​និង​សាលាបឋមសិក្សា​ព្រៃធំ​។ ៩. សង្កាត់​សំបូរ ចាក់​នៅ​សាលាបឋមសិក្សា​សំបូរ ។ ១០. សង្កាត់​ក្របី​រៀល ចាក់​នៅ​សាលា​អនុវិទ្យាល័យ​ក្របី​រៀល​សាលា​សាលាបឋមសិក្សា​ព្រៃទទឹង​និង​ផ្សារ​តា​រស់​។

១១. សង្កាត់​ស្លក្រាម​ចាក់​នៅ​សាលាបឋមសិក្សា​បន្ទាយ​ចាស់​សាលា​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​ឥន្ទ​កោសា សាលាបឋមសិក្សា​ធ្លក​អណ្ដូង​និង​សាលាបឋមសិក្សា​ពោធិ៍​លង្កា។

១២. សង្កាត់​ស្វាយដង្គុំ ចាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន​២​កន្លែង មណ្ឌល​សុខភាព​មណ្ឌល​១ វត្ត​កេស​រា​រាម​ចំនួន​២​កន្លែង សាលាបឋមសិក្សា​ថ្វាយ​ដង្គំ សាលាបឋមសិក្សា​ជាស៊ីម និង​សាលាបឋមសិក្សា​វត្ត​ចក​ចំនួន​២​កន្លែង​។

គួរ​បញ្ជាក់​ថា​ រហូតមក​ដល់ពេលនេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ​និង​ប៉ៃលិន​និង​ខេត្តព្រៃវែង។

បើ​តាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ គិត​ចាប់ពី​ថ្ងៃទី​១០​ខែ​កុម្ភៈ​រហូតមកដល់​ត្រឹម​ថ្ងៃទី​០៧​កក្កដា​ឆ្នាំ​២០២១​នេះ​ មាន​ពលរដ្ឋ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៤,៧០១,២៥៥​នាក់​ស្មើនឹង​៤៧.០១%​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​៕

ដោយយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម