Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ

បានផុស

នៅ

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានលើកឡើងថា ការអនុវត្តកំណែទម្រង់សេវាសាធារណៈលើវិស័យដីធ្លី និង សំណង់ នៅរាជធានីភ្នំពេញ កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែង ដោយកាត់បន្ថយពេលវេលាផ្តល់សេវា និង បង្កើនប្រសិទ្ធភាពការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោកបានបញ្ជាក់ថា ការអនុវត្តនេះ ស្របតាមស្មារតីអង្គប្រជុំអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្តីពីកំណែទម្រង់សេវាសាធារណៈក្នុងវិស័យដីធ្លី និង សំណង់ ដោយផ្តោតលើគោលការណ៍ «រយៈពេលខ្លី ខ្លឹម និង ប្រកបដោយគុណភាព»។

លោកបន្ថែមថា ក្រោមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ការអនុវត្តតាមបរិបទថ្មីបានជួយបង្កើនប្រសិទ្ធភាពការងារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការធ្វើការឱ្យលឿន សម្រួលនីតិវិធី និង ដោះស្រាយការកកស្ទះក្នុងការស្នើសុំគោលការណ៍។

លោក សារិន វណ្ណា បានឱ្យដឹងទៀតថា បច្ចុប្បន្ន ការស្នើសុំបណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ អាចបញ្ចប់ក្នុងរយៈពេលប្រមាណ ១ ខែប៉ុណ្ណោះ។ លោកក៏បានលើកឡើងថា ប្រសិនបើរាជធានីភ្នំពេញ អាចអនុវត្តបានជោគជ័យតាមគំរូបរិបទថ្មី ខេត្តផ្សេងៗ ក៏គួរអនុវត្តដូចគ្នា ដើម្បីឆ្លើយតបការរំពឹងទុករបស់ប្រជាពលរដ្ឋ។

ក្នុងរយៈពេលថ្មីៗ នេះ លោក សារិន វណ្ណា ទទួលបានការគាំទ្រពីសាធារណជន ក្រោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់អំពើពុករលួយ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព យុត្តិធម៌ និង អនុលោមតាមនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ លោកក៏បានផ្សព្វផ្សាយឯកសារមួយចំនួន ពាក់ព័ន្ធនឹងការកែទម្រង់នីតិវិធីផ្តល់សេវាសាធារណៈលើវិស័យដីធ្លីផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោក សារិន វណ្ណា ឱ្យដឹកនាំក្រុមការងារប្រតិបត្តិនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជួយដល់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការពង្រឹងប្រសិទ្ធភាព និង តម្លាភាព នៃការផ្តល់សេវាសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម