ព័ត៌មានជាតិ
អ្នកធ្វើតេស្តខ្លួនឯង វិជ្ជមានកូវីដ-១៩ មិនរាយការណ៍ ត្រូវរងពិន័យ និងប្រឈមជាប់ពន្ធនាគារ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយលើកឡើងថា អ្នកតេស្តខ្លួនឯង ហើយរកឃើញវិជ្ជមានកូវីដ-១៩ តែមិនរាយការណ៍ នឹងត្រូវទទួលពិន័យ ព្រមទាំងប្រឈមជាប់ពន្ធនាគារ។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានចេញ សេចក្ដីណែនាំបន្ថែម ស្តីពី “ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ” ដើម្បីពង្រឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ជាពិសសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោក ឃួង ស្រេង មានប្រសាសាន៍ថា៖ ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬ រកឃើញថាមានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬ អាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាម ប្រការ ២ នៃ ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែលប្រព្រឹត្តអំពើ ល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាម មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោក ឃួង ស្រេង បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទៅក្នុងមូលដ្ឋានភូមិ សង្កាត់ដែលខ្លួនកំពុងរស់នៅ។

លោក ឃួង ស្រេក មានលើកឡើងថា គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវ ការអនុវត្តបានត្រឹមត្រូវតាមសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ឱ្យខាងតែបាន និងដោយគ្មានការលើកលែងឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងករណីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ និងត្រូវ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ដ្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាតឱ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ដោយឡែក ក្រោយរយៈពេល ៣ (បី) ថ្ងៃ ក្នុងករណីដែលទទួលបានលទ្ធផលតេស្ត PCR ពីមន្ទីរពិសោធន៍ បញ្ជាក់ថា ជាប្រភេទភូមីក្រុង នោះ អ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្ត PCR នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ និងមិនត្រូវចាកចេញពីទីតាំងដែលខ្លួនកំពុងស្នាក់នៅ ក្នុងករណីមិនចាំបាច់។
ចំពោះអ្នកជំងឺកូវីដ-១៩ រួមទាំងមេរោគ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមានអាការៈកម្រិតស្រាល គ្មានរោគសញ្ញា និងគ្មានកត្តាប្រឈម ដែលបានទទួលការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះ កិច្ចសន្យានៅចំពោះមុខមន្ត្រីមានសមត្ថកិច្ចតាមទម្រង់គំរូឧបសម្ព័ន្ធទី ១១ នៃនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល និងត្រូវគោរពតាមនីតិវិធីបតិបត្តិស្តង់ដានេះ ឱ្យបានត្រឹមត្រូវ ព្រមទាំងយល់ព្រមឱ្យអាជ្ញាធរមូលដ្ឋាន ដាក់ស្លាកសម្គាល់ ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវធ្វើការទំនាក់ទំនងតាមគ្រប់មធ្យោបាយជាបន្ទាន់ ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


