ជីវិតកម្សាន្ដ
ពេលនេះដឹងហើយ លោកស្រី អេនជឺលីណា ជូលី មកកម្ពុជា ដើម្បីអ្វី?
នៅថ្ងៃទី២២ ខែកុម្ភៈនេះ មានការបង្ហោះ និងចែករំលែងរូបភាពត លោកស្រី អេនជឺលីណា ជូលី (Angelina Jolie) តារាភាពយន្តហូលីវ៉ូដ នៅបរិវេណប្រាសាទអង្គរវត្ត តៗគ្នា ដោយអមដោយសេចក្ដីត្រេកអរ ព្រមទាំងចម្ងល់ហេតុអ្វី លោកស្រី អញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ? ទន្ទឹមគ្នានេះក៏មានការលើកឡើងថា លោកស្រី អាចនឹងត្រៀមផលិតភាពយន្តនៅកម្ពុជាបន្តទៀត។ តើអ្វីជាហេតុផលពិតនៃការអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ?

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី។ នេះជាការបង្ហាញ ពីអាជ្ញាធរជាតិអប្សរា នៅមុននេះបន្តិច ក្នុងរាត្រីថ្ងៃទី២២ ខែកុម្ភៈនេះ។

លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។

គួររំលឹកថា លោកស្រី អេនជឺលីណា ជូលី ធ្លាប់ថតខ្សែភាពយន្ត ហូលីវូដ រឿង Tomb Raider នៅកម្ពុជា និងប្រាសាទអង្គរផ្ទាល់ នៅអំឡុងឆ្នាំ ២០០០ ហើយពេលនោះលោកស្រី បានសុំទារកកម្ពុជាម្នាក់ធ្វើជាកូនចិញ្ចឹម ដោយដាក់ឈ្មោះថា ម៉ាដុក។ លោកស្រី បានទទួលសញ្ជាតិខ្មែរ នៅឆ្នាំ២០០៥។ ជាងនេះទៅទៀត លោកស្រី អេនឌឺលីណា ជូលី ក៏ជាផលិតករ ផលិតភាពយន្តខ្នាតធំ រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” ដែលយកលំនាំតាមសៀវភៅកំណត់ប្រវត្តិស្ដីពីការរស់រានមានជីវិត ក្នុងរបបខ្មែរក្រហម ដែលលក់ដាច់បំផុតរបស់អ្នកស្រី អ៊ឹង លឿង ហើយត្រូវបានចាក់បញ្ចាំងនៅកម្ពុជាជាលើកដំបូង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


