នយោបាយ
លោក ប្រាជ្ញ ចន្ទ អំពាវនាវ៧ចំណុច ដើម្បីការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងគ្មានការគំរាមកំហែង
ការអំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងខណៈលោកចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ តាមប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។

ថ្លែងទៅកាន់កិច្ចប្រជុំលោក ប្រាជ្ញ ចន្ទ បានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានកសាងផែនការអន្តរស្ថាប័ន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ៣ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ក្នុងរយៈពេលនេះ យើងមានការងារជាច្រើនដែលត្រូវបំពេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា ហើយដែលការងារទាំងនោះ។
ការបោះឆ្នោតទាំងនោះរួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។
ដើម្បីធានាឱ្យការឃោសនាបោះឆ្នោត និងការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព និងគ្មានការគំរាមកំហែង ក្នុងនាមអាជ្ញាធររៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអំពាវនាវ៧ចំណុច៖
ទី១- គ្រប់គណបក្សនយោបាយ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។
ទី២- អាជ្ញាធរសាធារណៈទាំងអស់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើ ផលប្រយោជន៍គណបក្សនយោបាយ។
ទី៣- កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវគោរព តាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលរៀបចំ ដោយ គ.ជ.ប។
ទី៤- ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជនគណបក្ស នយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។

ទី៥- គ្រប់ប្រព័ន្ធព័ត៌មានទាំងអស់ត្រូវគោរពច្បាប់ ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីការ បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងគោរពក្រមសីលធម៌សម្រាប់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ទី៦- គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត (គធ.ខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណបក្ស នយោបាយ អង្គការមិនមែនរដ្ឋាភិបាល ត្រូវសហការសម្របសម្រួល ដោះស្រាយបញ្ហា ដែលអាចកើតមានក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោត នៅ តាមរាជធានី ខេត្តរបស់ខ្លួន។
ទី៧- ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវគោរព និងអនុវត្តឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងរួមគ្នាគោរពវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្រាប់ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការងារ ដែលត្រូវធ្វើចំនួនពីរ គឺការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែល ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


