ជីវិតកម្សាន្ដ
មុនល្បីល្បាញ និងមានប្រាក់វាល់លានដូចសព្វថ្ងៃ អតីតតួ ចាន់ចាវ ឆ្លងកាត់ជីវិតជូរចត់ណាស់
ជិតឈានដល់វ័យ ៧០ឆ្នាំហើយ តារាសម្ដែងដើមកំណើតវៀតណាម Ray Lui បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនឡើងរាប់លានដុល្លារ ក្រោយសាងគ្រួសារជាមួយភរិយាទី៣។

បន្ទាប់ពីសម្ដែងក្នុងរឿង “តុលាការមុខដែក” កាលពីឆ្នាំ១៩៩៥ លោក Ray Lui ត្រូវទស្សនិកជនខ្មែរហៅថា ចាន់ចាវ ហើយតួប្រុសរូបនេះ តែងស្ថិតក្នុងបេះដូងអ្នកគាំទ្ររហូតដល់សព្វថ្ងៃ ទោះបីលោកមានវ័យជ្រាលជ្រេបន្តិចក៏ដោយ។
ថ្មីៗនេះ មហាជនមួយចំនួនធំកោតសរសើរ និងមោទកភាពលើលោកជាខ្លាំង ព្រោះឈានចូលវ័យ ៦៦ឆ្នាំទៅហើយ លោកនៅតែរក្សាសម្រស់បាននៅស្រស់សង្ហា ជាពិសេសតារាប្រុសរូបនេះកើនទ្រព្យសម្បត្តិដល់ ២០០លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីហុងកុងដ៏ល្បីល្បាញនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ មុនពេលមានជីវិតត្រចះត្រចង់ដូចសព្វថ្ងៃ តារាហុងកុងរូបនេះ ធ្លាប់បរាជ័យលើវិថីជីវិតជាច្រើនដង និងធ្លាប់បែកបាក់ទំនាក់ទំនងអាពាហ៍ពិពាហ៍ដល់២លើកឯណោះ។
អតីតតួ ចាន់ចាវ រូបនេះ កើតនៅឆ្នាំ១៩៥៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ តាមពិតលោកមិនមែនជាជនជាតិដើមវៀតណាមអ្វីឡើយ លោកមានដើមកំណើតជាអ្នកខេត្តសានទុង ប្រទេសចិនឯណោះទេ ប៉ុន្តែក្រោយសង្រ្គាមលោកលើកទី២ គ្រួសាររបស់ Ray Lui បានផ្លាស់ទៅរស់នៅវៀតណាម។ លុះដល់ឆ្នាំ១៩៦៧ អំឡុងវៀតណាមផ្ទុះសង្រ្គាម លោកបានផ្លាស់ទៅរស់នៅហុងកុង។

ពេលមកដល់ទីក្រុងហុងកុងដំបូង ជីវិតរបស់ Ray Lui ជួបការលំបាកទាំងការហូបចុក និងលុយកាក់ចាយវាយ។ យ៉ាងណាមិញ ដោយមានចំណង់ចំណូលចិត្តវិស័យភាពយន្ត និងចង់ក្លាយជាតារាសម្ដែង តារាម្ដែងរូបនេះត្រូវបានឪពុកបេះពីមាត់ពង្រត់ពីក ដើម្បីជួយសម្រួលឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលសម្ដែងនៅ TVB។ នេះជាឱកាសមួយសម្រាប់លោកក្នុងការឈានជើងចូលវិថីសិល្បៈ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារសមត្ថភាពសម្ដែង ភាពទាន់សម័យ និងរូបរាងស្រស់សង្ហារបស់លោក។ លោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានអ្នកគាំទ្រទូទាំងប្រទេសចិន និងអាស៊ីក្រោយលេចមុខជាតួ ចាន់ចាវ ក្នុងរឿង “តុលាការមុខដែក”។ រហូតមកដល់បច្ចុប្បន្ន Ray Lui ចូលរួមសម្ដែងភាពយន្តប្រភេទផ្សេងៗជាង ១០០រឿងឯណោះ។

ទន្ទឹមនឹងភាពជោគជ័យខាងអាជីពសម្ដែង Ray Lui បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន៣ដងជាមួយនឹងតារាស្រីដ៏ស្រស់ស្អាត សុទ្ធសឹងមានប្រជាប្រិយភាពក្នុងពិភពកម្សាន្តចិន។
ភរិយាទី១ រៀបការនៅឆ្នាំ១៩៨៨ ជាមួយនឹងតារាសម្ដែង និងជាតារាចម្រៀងនាង Kathy Chow ដែលមានដើមកំណើតនៅវៀតណាម។ អ្នកទាំងពីររៀបការជាមួយគ្នាបានតែ១ឆ្នាំប៉ុណ្ណោះ ក៏ប្រកាសលែងលះ ក្រោមមូលហេតុរស់នៅមិនចុះសម្រុង។

បន្ទាប់ពីបញ្ចប់ជាមួយភរិយាទី១ Ray Lui បានរៀបការជាមួយតារាស្រីហុងកុងនាង Cally Kwong កំលុងឆ្នាំ១៩៩៦។ មុនរៀបការអ្នកទាំងពីរធ្លាប់ផ្ទុះរឿងអាស្រូវស្នេហា ថាបានទាក់ទងគ្នាលួចលាក់ជាមួយគ្នាអស់ពេលជាយូរ ប៉ុន្តែក្រោយរៀបការពេញច្បាប់បានតែ១ឆ្នាំ ពួកគេក៏បែកផ្លូវគ្នា ខណៈមិនមូលហេតុគឺមិនចុះសម្រុងនឹងគ្នា។

មកដល់ឆ្នាំ ២០០១ តារាជើងចាស់រូបនេះ បានជួបនឹងនាង Yang Xiaojuan និងបានបន្តជីវិតជាប្ដីប្រពន្ធដោយមិនបានរៀបការប្រមាណជាង ២ឆ្នាំ។ ថ្វីត្បិតតែនាងមិនមែនជាតារាស្រីល្បីឈ្មោះ ប៉ុន្តែ Yang Xiaojuan ជាអ្នកជំនួញម្នាក់ដែលត្រូវមនុស្សជាច្រើននៅលើពិភពលោកគោរពស្រឡាញ់។ តាំងពីចាប់ដៃគ្នា អ្នកទាំងពីរកម្របង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយណាស់ និងមិនងាយបង្ហាញពីជីវិតឯកជនឡើយ។ Yang Xiaojuan ជាមនុស្សស្រីម្នាក់ដែលនៅក្បែរ និងជាអ្នកដឹកនាំ Ray Lui ឱ្យប្រឡូកក្នុងវិស័យជំនួញ ព្រមទាំងជួយលោកឱ្យក្លាយជាសេដ្ឋីហុងកុងដែលមានទ្រព្យសម្បត្តិមហាសាលដូចសព្វថ្ងៃ។

បន្ទាប់ពីរៀបការជាមួយភរិយាចុងក្រោយ Ray Lui មិនសូវទទួលសម្ដែងទេ ដោយសារលោកងាកទៅផ្តោតលើការសិក្សា និងវិនិយោគលើមុខជំនួញជាមួយដៃគូរបស់ភរិយា។ ក្រោយការវិនិយោគអាជីវកម្មអស់រយៈពេលជាងមួយទសវត្សរ៍ នៅចុងឆ្នាំ២០២១ ទ្រព្យសម្បត្តិរបស់អតីតតួ ចាន់ចាវ ឡើងដល់ ២០០លានដុល្លារ ដោយបូករួមនឹងតម្លៃសម្ភារៈជាច្រើនដូចជា សណ្ឋាគារ ឃ្លាំង ផ្ទះវីឡា និងភោជនីយដ្ឋាន។


សព្វថ្ងៃ ថ្វីត្បិតលោកបានក្លាយជាសេដ្ឋីនៅហុងកុងក៏ដោយ ក៏លោកនៅតែបន្តអាជីពជាតារាសម្តែង ហើយជារឿយៗលោកតែងបង្ហាញមុខក្នុងខ្សែភាពយន្តបែប Action ជាមួយតារាស្រករក្រោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿង “ថាំងចេងទៅចម្លងធម៌” ឆ្នាំ២០២២ ត្រូវអ្នកគាំទ្ររិះគន់កប់ៗមាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ