ព័ត៌មានជាតិ
គិតត្រឹមរសៀលថ្ងៃទី២១ ធ្នូពលរដ្ឋវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចំនួន១០២នាក់
គិតត្រឹមម៉ោង៣រសៀលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ ឬចូលឆ្លងកាត់នោះឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ នេះបើតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបទទួលបាននៅរសៀលនេះ។
ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញ ដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគីកម្ពុជា និងថៃ ត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកពលរដ្ឋខ្មែរ ដែលវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន១០២នាក់ ស្រី៤១នាក់។

ដោយឡែករថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩ចំនួន១៣គ្រឿង បានត្រៀមជាស្រេចនៅទីនោះ ដើម្បីដឹកជញ្ជូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃវិញ យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅសាលាវិទ្យាល័យតេជោសែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ដោយយោងតាមសេចក្តីណែនាំជាបន្ទាន់របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការចម្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ និងបានប្រាប់ឲ្យសមត្ថកិច្ចច្រកទ្វារទាំងអស់ យកចិត្តទុកដាក់ និងល្បាត ឃាត់អ្នកដំណើរ ដែលចូលពីប្រទេសថៃ ប្រគល់ឲ្យផ្នែកសុខាភិបាល ដើម្បីត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវបំផុត។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ វិធានការទាំងនោះមាន៣ចំណុចសំខាន់ៗរួមមាន ទី១- ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់ ដោយតម្រូវឲ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។
ទី២- យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឲ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។

ទី៣- ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


