វប្បធម៌ ជំនឿ
ឧបករណ៍ភ្លេងបុរាណខ្មែរស្ទើរតែបាត់បង់ ប្រយ័ត្នបរទេសថាជារបស់គេ តែយើងមិនស្គាល់របស់ខ្លួន
កម្វុជទេឝ (កាំវុជៈទេស) គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ បានលូតលាស់ចេញពីអតីតនគរកម្វុជ ជួនកាលបានគ្រប់គ្រងលើប៉ែកមួយចំនួននៃប្រទេស លាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីបច្ចុប្បន្ន ដែលធ្លាប់ជាសាមន្តរដ្ឋរបស់ខ្លួន។ ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ អ្វីៗបានប្រួលប្រែ សឹករិចរិល ឬត្រូវបានបង់បាត់ ក្នុងនោះក៏មានឧបករណ៍តន្ត្រីមួយចំនួន។ ជួនកាលកូនខ្មែរមួយចំនួនកំពុងរស់នៅទឹកដីកម្ពុជាបច្ចុប្បន្ន មិនស្គាល់ឧបករណ៍តន្ត្រីទាំងនោះ ឬឧបករណ៍ទាំងនោះកំពុងប្រើប្រាស់ ឬត្រូវបានរកឃើញបរទេសដែលជាអតីតដែនដីចក្រភពអង្គរ។

ក្នុងការប្រគុំវង់តន្រ្តីបុរាណខ្មែរ តន្រ្តីករមួយចំនួនបានប្រគុំ និងបានស្គាល់នូវឧបករណ៍តន្ត្រីបុរាណខ្មែរ ប៉ុន្តែក្នុងនោះមានឧបរណ៍មួយចំនួនមិនបានយកមកប្រគុំ និងស្ទើរតែបាត់បង់។ ឧបករណ៍តន្ត្រីខ្លះទៀត គ្រាន់តែគេលែងប្រើ ឬមិនយកប្រើ មិនមែនបាត់បង់នោះទេ ទោះមិនឃើញប្រើទូទាំងប្រទេសកម្ពុជា តែមានប្រើនៅក្នុងតំបន់ខ្លះ។

បណ្ឌិត សំ សំអាង ទីប្រឹក្សា នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ខ្មែរមានវប្បធម៌សម្បូរបែប មានទម្រង់សិល្បៈទស្សនីយភាពជាង ២០ ទម្រង់ និងឧបករណ៍តន្ត្រីរាប់រយ ដែលសឹងតែអាចអះអាងបានថា គ្មានប្រទេសណានៅលើពិភពលោកទាំងមូលមាននោះទេ។ លោកសូមលើកយកឧបករណ៍សំខាន់ៗ និងជាប្រវត្តិសាស្រ្តតែ ៤ ប៉ុណ្ណោះដែលស្ទើរតែបាត់វត្តមានក្នុងការប្រគុំតន្រ្តីខ្មែរ មានដូចជា ម៉ិម ពិណ ពាទ្យ និង រនាតថោង។

បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ម៉ិម ត្រូវបានគេឆ្លាក់នៅលើប្រាសាទបាយ័ន ប្រើជាឧបករណ៍ទោល ឬកំដរអ្នកច្រៀង ដោយជនជាតិដើមភាគតិចភូមិភាគឦសាននៃប្រទេសកម្ពុជា ដូចជា គ្រឹង ទំពួន ចារ៉ាយ ព្រៅ និងព្នងជាដើម។ ហើយ «ម៉ិម» មិនឃើញមានប្រើនៅក្នុងស្រទាប់ខ្មែរទូរទៅទេ តែមានប្រើនៅក្នុងចំណោមជនជាតិដើមភាគតិចខេត្តរតនៈគិរី និងមណ្ឌលគិរីជាប់រហូតមកដល់សព្វថ្ងៃនេះ”។

ទីព្រឹក្សា នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ខាងលើបានលើកឡើងបន្តថា ចំពោះ ពិណ ឬ ពិណជ្រុង គេមិនឃើញប្រើទូទាំងប្រទេសកម្ពុជានោះទេ តែគេនៅមានប្រើនៅក្នុងតំបន់ខ្លះ។ ឧបករណ៍នេះមានឆ្លាក់នៅលើប្រាសាទសំបូរព្រៃគុក បាយ័ន បន្ទាយសម្រែ បន្ទាយឆ្មារ និងលានជល់ដំរី ហើយគេមិនឃើញមានប្រើនៅកម្ពុជាទេ ទើបតែនៅពេលថ្មីៗនេះឃើញមានប្រើឡើងវិញ។

បណ្ឌិត សំ សំអាង មានប្រសាសន៍បន្ថែមថា៖ ” ពាទ្យ (ផ្លែ៨ និងផ្លែ៩) មានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តនាសតវត្សទី១២។ ពេលបច្ចុប្បន្ននេះ ឧបករណ៍ពាទ្យ មានប្រើតែនៅក្នុងវង់ភ្លេងត្រៃលក្ខណ៍ ខ្លះហៅថា ទាំមីង ឬកន្ទឹ្រមមីង ជាពិសេសនៅក្នុងខេត្តសៀមរាប មានស្រុកប្រាសាទបាគង និងសូទ្រនិគម ជាដើម ដែលធ្លាប់បាត់សូន្យ តែនាពេលបច្ចុប្បន្នគេធ្វើឱ្យរស់ឡើងវិញហើយ”។

មួយវិញទៀតបើយោងតាមឯកសារ «រនាតថោង» មានប្រើនៅក្នុងវង់ភ្លេងពិណពាទ្យព្រះបរមរាជវាំងនាសម័យមុន តែសព្វថ្ងៃ យើងមិនឃើញមានប្រើឡើយ។
ទីប្រឹក្សារូបនេះ បញ្ជាក់ថា ចំពោះឧបករណ៍ភ្លេងបុរាណខ្មែដែលបានបាត់វត្តមាន លែងមានប្រជាប្រិយភាព ដោយសារការមិនយកចិត្តទុកដាក់របស់តន្រ្តីករ អ្នកគាំទ្រសិល្បៈតន្ត្រី កាលៈទេសៈ ស្ថានភាព ឬតម្រូវការរបស់កម្មវិធីបុណ្យទាននានា ដែលមិនតម្រូវឱ្យមានវង់តន្ត្រីទាំងអស់នោះ បួករួមទាំងកត្តាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រោះម្ចាស់កម្មវិធី ឬអ្នកដើមបុណ្យខ្លះមិនចង់មានការចំណាយយកតន្រ្តីករច្រើន ដើម្បីឱ្យធូរថ្លៃក៏មាន ភាគច្រើនឃើញមានការកាត់បន្ថយពិធី ពីទ្រង់ទ្រាយធំទៅតូច តាមពេលវេលា និងថវិកា។

បណ្ឌិត សំ សំអាង មានប្រសាសន៍បន្តថា៖ “តែទោះជាយ៉ាងណា មកដល់ពេលបច្ចុប្បន្ននេះ ដោយមានតន្រ្តីករមួយចំនួនមានមនសិការ សតិ និងស្មារតីអភិរក្សថែរក្សាវប្បធម៌ខ្មែរ ឧបករណ៍ដែលបានបាត់បង់ទៅហើយ ក៏ធ្វើឱ្យរស់ឡើងវិញ តែមិនទាន់សកម្ម និងនៅមានកម្រិតស្តួចស្តើងនៅឡើយ ហើយមិនសូវមានប្រជាប្រិយភាពខ្លាំងខ្លា ដោយសារតែមិនទាន់បានផ្សព្វផ្សាយ បង្ហាញឱ្យទូលំទូលាយ ជាពិសេសនៅក្នុងស្រទាប់សាធារណៈ និងបណ្តាញស្ថាប័នអប់រំទូទៅ”។

គួរបញ្ជាក់ថា តន្ត្រីករត្រូវមានការបណ្តុះមនសិការ ស្មារតីស្រលាញ់វប្បធម៏ជាតិ យកចិត្តទុកដាក់រៀនសូត្រ យល់ដឹង គោរព ស្រលាញ់ឱ្យតម្លៃ ថែរក្សា អភិរក្ស ការពារ បណ្តុះបណ្តាល លើកស្ទូយ ផ្សព្វផ្សាយទាំងចាស់ទាំងក្មេង ពិសេសយុវវ័យដែលជាទំពាំងស្នងឫស្សី ព្រមទាំងជាអ្នកបន្តវេននាពេលអនាគត ដែលជួយជំរុញវប្បធម៌អរិយធម៌អង្គរកាន់លូតលាស់ដល់កំពូល មានទាំងវប្បធម៌រូបី និងអរូបីរាប់ពាន់ ថែមទាំងបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌរូបី និងអរូបីពិភពលោក និងមនុស្សជាតិនៃអង្គការយូណេស្កូ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


