Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌឬស្សីកែវ បញ្ជាក់មូលហេតុនៃការកាត់ផ្លូវបេតុងថ្មី ក្រោយមានមតិរិះគន់លើបណ្ដាញសង្គម

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ជាសាធារណៈជុំវិញការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែមមួយខ្សែ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដែលតម្រូវឱ្យមានការកាត់ផ្ទៃបេតុងលើផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លើង ដើម្បីដាក់ប្រព័ន្ធលូថ្មី សម្រាប់បង្កើនសមត្ថភាពរំដោះទឹក និងកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងដែលកើតមានជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរូបភាព និងព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មានមួយចំនួន ដែលបានលើកឡើងថា ផ្លូវបេតុងថ្មីទើបសាងសង់រួច ត្រូវបានកាត់បំបែកឡើងវិញដើម្បីដាក់លូ បង្កឱ្យមានការចាប់អារម្មណ៍ និងការងឿងឆ្ងល់ពីសំណាក់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ហាជំនន់ទឹកភ្លៀងគឺជាបញ្ហាប្រឈមដែលបានកើតមានជាយូរមកហើយនៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ និងសង្កាត់ឫស្សីកែវ។ នៅរៀងរាល់រដូវវស្សា តំបន់មួយចំនួនក្នុងសង្កាត់ទួលសង្កែទី១ រួមមានកំណាត់ផ្លូវលេខ៩៣ ស្ថិតក្នុងក្រុមទី២ ក្រុមទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ តែងតែរងការជន់លិចដោយសារទឹកភ្លៀង។ ជាមួយគ្នានេះ តំបន់មួយចំនួនក្នុងសង្កាត់ឫស្សីកែវ ដូចជាភូមិឃ្លាំងសាំង និងភូមិសាមគ្គី ជាពិសេសតំបន់ជុំវិញផ្សារសាមគ្គី ក៏ទទួលរងការលិចលង់ជាញឹកញាប់ផងដែរ។

ប្រភពដដែលបានឱ្យដឹងថា មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារប្រព័ន្ធលូចាស់ដែលឆ្លងកាត់ក្រោមផ្លូវបេតុងថ្មីអតីតផ្លូវរថភ្លើង មានទំហំតូច មិនអាចទទួល និងរំដោះបរិមាណទឹកភ្លៀងដ៏ច្រើនដែលហូរចេញពីតំបន់ទាំងពីរបានទាន់ពេលវេលា។ កត្តានេះបណ្តាលឱ្យទឹកហូរយឺត និងបន្តជន់លិចលំនៅឋានប្រជាពលរដ្ឋក្នុងរយៈពេលយូរ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ដើម្បីដោះស្រាយបញ្ហានេះឱ្យបានមានប្រសិទ្ធភាព អាជ្ញាធរបានសម្រេចអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងថ្មីមួយខ្សែបន្ថែម ដោយតភ្ជាប់ប្រព័ន្ធរំដោះទឹកពីតំបន់ព្រំប្រទល់រវាងសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ឱ្យហូរកាត់ក្រោមផ្លូវបេតុងថ្មី បន្តចូលទៅក្នុងប្រព័ន្ធលូមេតាមបណ្តោយផ្លូវលេខ៩៩ មុននឹងហូរចូលព្រែកអូវែង និងបន្តទៅទន្លេសាប តាមរយៈស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក។

ក្នុងអំឡុងពេលអនុវត្តការងារ ការដ្ឋានបានបង្កឱ្យមានការកកស្ទះចរាចរណ៍ជាបណ្តោះអាសន្ននៅតំបន់មួយចំនួន ដោយសារត្រូវកាត់ផ្ទៃបេតុង និងដាក់ប្រព័ន្ធលូថ្មី។ ទោះជាយ៉ាងណា អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់ និងអធ្យាស្រ័យ ដោយសារគម្រោងនេះមានគោលបំណងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរំដោះទឹក និងកាត់បន្ថយការលិចលង់នៅក្នុងមូលដ្ឋាន។

រដ្ឋបាលខណ្ឌឫស្សីកែវក៏បានបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រព័ន្ធលូថ្មីនេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ បន្ទាប់ពីការងារដាក់លូរួចរាល់ ផ្ទៃបេតុងដែលត្រូវបានកាត់សម្រាប់ការដ្ឋាន នឹងត្រូវចាក់បំពេញ និងស្តារឡើងវិញឱ្យមានសភាពដូចដើម ដើម្បីធានាការប្រើប្រាស់ផ្លូវ និងសុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម