KPT+
ដំណោះស្រាយ ៦យ៉ាង សម្រាប់អ្នកគេងមិនសូវលក់ និងរសាប់រសល់
អាការៈគេងមិនលក់ និងគេងមិនបានស្កប់ស្កល់នាពេលរាត្រី អារម្មណ៍រសាប់រសល់ តែងតែកើតមានឡើងចំពោះមនុស្សគ្រប់វ័យ មិនថាវ័យជំទង់ ឬវ័យចំណាស់ឡើយ។ បញ្ហាគេងមិនលក់កំពុងវាយលុកខ្លាំងក្នុងសម័យឌីជីថលនេះ ដែលធ្វើឲ្យមនុស្សមួយចំនួនធំ កម្រគេងលក់ ហើយក៏ទទួលដំណេកមិនសូវស្ងប់ដូចគ្នា។

តើគួរធ្វើបែបណាខ្លះដើម្បីទប់ទល់ ឬ កែប្រែពីអាការៈគេងមិនលក់បានល្អប្រសើរឡើង? «កម្ពុជាថ្មី» នឹងនាំលោកអ្នកឲ្យបានស្គាល់នូវវិធីសាស្រ្ត ៦យ៉ាង ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យមានប្រសិទ្ធភាព៖
១.កុំងូតទឹកនៅពេលយប់ជ្រៅ៖ ជាទូទៅ នៅពេលដែលអ្នកងូតទឹកនឹងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រំសាយភាពនឿយហត់បានខ្លះ ស្វាយងងុយ ដូច្នេះប្រសិនបើអ្នកមានទម្លាប់ងូតទឹកយប់ជ្រៅ ឬងូតទឹកមុនចូលគេង ចូរអ្នកប្តូរទម្លាប់នេះចេញភ្លាម។ អ្នកគួរងូតទឹកនៅពេលមកដល់ផ្ទះ ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ កុំងូតទឹកយប់ជ្រៅ រួចចូលគេងតែម្តង នោះនឹងធ្វើឲ្យអារម្មណ៍អ្នកស្វាងពីងងុយគេង ជាហេតុធ្វើឲ្យគេងមិនលក់។

២.បន្ទប់ត្រូវមានផាសុខភាព និងគ្មានពន្លឺខ្លាំង៖ អនាម័យក្នុងបន្ទប់គេង គឺជាផ្នែកមួយសំខាន់ជំនួយក្នុងការគេងរបស់អ្នកបានល្អ។ អ្នកគួររៀបចំបន្ទប់គេងឲ្យបានស្អាត និងមានអនាម័យ ដូចជា ដាក់នូវក្លិនក្រអូបប្រហើរក្នុងបន្ទប់ ដើម្បីជួយឲ្យខ្យល់ដង្ហើម និងខួរក្បាលសម្រាកបានល្អ អារម្មណ៍ស្រស់ស្រាយគេងលក់ស្រួល។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកគេង អ្នកមិនគួរឲ្យមានពន្លឺចាំងភ្នែកខ្លាំងពេកនោះឡើយ អ្នកគួរបិទភ្លើង និងកុំឲ្យមានពន្លឺចូលក្នុងបន្ទប់ឲ្យសោះ ងងឹតទើបធ្វើឲ្យអ្នកឆាប់ងងុយគេង។ ក៏ប៉ុន្តែ ក្នុងករណីដែលមនុស្សមួយចំនួនខ្លាចភាពងងឹត ឬមិនចេះគេងបិទភ្លើង អ្នកអាចបើកអំពូលតូចភ្លើងពណ៌ក្រហមព្រឹមៗ ហើយដាក់ឲ្យឆ្ងាយពីភ្នែក ជៀសវាងចាំងរំខានដល់ដំណេកអ្នក។

៣.កុំព្យាយាមបង្ខំឲ្យខ្លួនឯងគិតរឿងស្មុគស្មាញ៖ ជាទូទៅនៅពេលយប់ គឺជាពេលដែលមនុស្សម្នាក់ៗតែងតែដាក់សម្ពាធខ្លួនឯង ដោយប្រមូលយករឿងស្មុគស្មាញក្នុងជីវិតមកគិតជាហូរហែ។ ដូច្នេះ អ្នកមិនគួរបន្តធ្វើបែបនេះទៀតឡើយ អ្នកគួរឲ្យខួរក្បាលរបស់អ្នកសម្រាកឲ្យបានច្រើននៅពេលយប់។ មួយវិញទៀត នៅពេលដែលអ្នកកំពុងតែគេងមិនលក់ កុំព្យាយាមបង្ខំខ្លួនឯងឲ្យឆាប់គេងលក់ អ្នកមិនគួរគិតពីអ្វីទាំងអស់ ព្រោះនៅពេលដែលព្យាយាមគិត និងដាស់តឿនឲ្យខ្លួនឯងគេង ភាពងងុយនឹងកាន់តែរសាយបន្តិចម្តងៗ ជួនកាលគេងមិនលក់ពេញមួយយប់តែម្តង។

៤.រៀបចំកាលវិភាគគេងឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវកំណត់កាលវិភាគគេង និងក្រោកពេលព្រឹកព្រលឹមឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីឲ្យទម្លាប់គេងរបស់អ្នកត្រឹមត្រូវទៅតាមនោះ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃបម្រើការងារយ៉ាងណាក្តី។ រួចហើយ ព្យាយាមឆ្លៀតធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹមបន្ទាប់ពីភ្ញាក់ពីដំណេកឲ្យបានច្រើន ទោះតិចក្តី ច្រើនក្តីក៏ដោយចុះ។

៥.កុំលេងទូរស័ព្ទ និងដាក់ឧបករណ៍អេឡិចត្រូនិចនៅក្បែរខ្លួន៖ នៅពេលដែលអ្នករៀបចំចូលដំណេក មិនគួរលេងទូរស័ព្ទឡើយ ព្រោះពន្លឺទូរស័ព្ទធ្វើឲ្យខួរក្បាលអ្នកភ្ញាក់។ គ្រឿងអេឡិចត្រូនិចផ្សេង ក៏មិនគួរដាក់ជិតខ្លួនពេលគេងលក់ដូចគ្នា ព្រោះអាចធ្វើឲ្យសុខភាពលោកអ្នកចុះខ្សោយ។

៦.កុំពិសាគ្រឿងស្រវឹង ឬភេសជ្ជៈមុនចូលគេង៖ មនុស្សមួយចំនួនបានច្រឡំថា នៅពេលដែលពួកគេពិសាសារជាតិស្រវឹងចូលខ្លួន នឹងធ្វើឲ្យពួកគេសម្រាន្តបានលក់ស្រួល។ ក៏ប៉ុន្តែ ការធ្វើបែបនេះមិនមានប្រសិទ្ធភាពឡើយ ព្រោះគ្រឿងស្រវឹងអាចឲ្យអ្នកគេងលក់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ អ្នកនឹងភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់ បន្ទាប់មកអ្នកនឹងពិបាកគេងទៅវិញ។

យ៉ាងណាមិញ ក្រៅពីវិធីទាំង៦ខាងលើ ក៏មានវិធីផ្សេងទៀតសម្រាប់ជួយឲ្យដំណេករបស់អ្នកមានភាពល្អប្រសើរជាងមុន នោះ គឺការធ្វើសម្មាធិ។ សម្មាធិ ជួយអ្នកឲ្យមានភាពធូរស្រាល ទាំងផ្នែកស្មារតី និងការគិតរបស់អ្នក។ ដូច្នេះ ប្រសិនជាអ្នកអាចធ្វើសម្មាធិមុនចូលគេង ៣០នាទី ជារៀងរាល់យប់ បញ្ហាដំណេករបស់អ្នក ក៏អាចដោះស្រាយបានមួយកម្រិតផងដែរ៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


