ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ គ្រោងបង្កើតអង្គភាពវិជ្ជាជីវៈថ្មីមួយទៀត ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ក្រសួងយុត្តិធម៌ គ្រោងនឹងរៀបចំបង្កើតនូវអង្គភាពវិជ្ជាជីវៈថ្មីមួយទៀត គឺ “សន្ធានការី” ដើម្បីចូលរួមដោះស្រាយវិវាទក្រៅប្រព័ន្ធនៅកម្ពុជា សំដៅចៀសវាង ក៏ដូចជាកាត់បន្ថយការកកស្ទះសំណុំរឿង។

ថ្លែងក្រោយពិធីបិទសន្និបាតលើកទី ២៧ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ តុលា លោក កើត រឹទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងយុត្តិធម៌ កំពុងរៀបចំឯកសារទស្សនទាន ដើម្បីត្រៀមបង្កើតនូវអង្គភាពវិជ្ជាជីវៈថ្មីមួយទៀត គឺ “សន្ធានការី” តាមរយៈយន្តការសន្ធានកម្ម ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តថា មូលហេតុសំខាន់ចំនួន ២ នៃការបង្កើតអង្គភាពវិជ្ជាជីវៈថ្មីនេះ គឺ ៖
ទី១-មូលដ្ឋានគ្រឹះពីនយោបាយឈ្នះៗ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ទី២-វប្បធម៌ នៃសង្គមកម្ពុជា តែងតែមានការយោគយល់គ្នា ហើយអង្គភាពវិជ្ជាជីវៈសន្ធានការី គឺជាអ្នកសម្របសម្រួលអាជីពដែលច្បាប់ទទួលស្គាល់ ដើម្បីសម្របសម្រួលវិវាទដែលជាផ្នែកមួយ នៃការកែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មនេះ នឹងផ្តល់នូវផលប្រយោជន៍ចំនួន ៣ ចំនុចសំខាន់រួមមាន ៖
ទី១-ការបង្ខិតសេវាយុត្តិធម៌ឲ្យកាន់តែជិតប្រជាពលរដ្ឋនៅតាមទីជនបទ។
ទី២-ការរួមចំណែកកាត់បន្ថយការកកស្ទះសំណុំនៅតាមតុលាការ។
ទី៣-ផ្តល់នូវភាពសុខដុមរមនា នៃមហាគ្រួសារខ្មែរ ដែលគូភាគីទំនាស់ទទួលបានផលឈ្នះៗទាំងអស់គ្នា។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា យន្តការសន្ធានកម្មនេះ អាចដោះស្រាយបានត្រឹមតែរឿងក្តីរដ្ឋប្បវេណី ដូចជា ទំនាស់ដីធ្លី ភ្លឺស្រែ ទំនាស់គ្រួសារ និងរឿងក្តីព្រហ្មទណ្ឌកម្រិតស្រាលតែប៉ុណ្ណោះ ហើយរាល់ការព្រមព្រៀងពីគូភាគីដែលសម្រេចតាមរយៈសន្ធានការី មានតម្លៃស្របច្បាប់យកទៅអនុវត្តបាន។
ចំណែកបុគ្គលដែលនឹងអាចក្លាយជាសន្ធានការី ត្រូវមានសមត្ថភាពខ្ពស់ផ្នែកច្បាប់ រួមនឹងសមត្ថភាពនៃការសម្របសម្រួលប្រកបដោយភាពអំណត់ចំពោះគ្រប់ភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា «កិច្ចការនេះកំពុងស្ថិតក្នុងដំណាក់កាល នៃការរៀបចំតាក់តែងគោលនយោបាយច្បាប់លក្ខន្តិកៈមួយចំនួនទៀត ដែលអាចនឹងចេញរូបរាងនៅឆ្នាំ ២០២៣ ហើយ អាចនឹងអនុវត្តឆ្នាំ ២០២៤»។
សូមរំលឹកដែរថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមែនមានតែយន្តការសន្ធានកម្មនោះទេ កន្លងមកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានដូចជា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាផ្នែក នៃវិវាទការងារ ការដោះស្រាយបញ្ហាដីធ្លីតាមរយៈគណៈកម្មការដីធ្លី វិស័យពាណិជ្ជកម្មដោះស្រាយតាមមជ្ឈត្តការជាដើម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


