ព័ត៌មានជាតិ
រយៈពេល ៣៥ថ្ងៃ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង ៤០ម៉ឺននាក់ លើសការប៉ាន់ស្មានរបស់ គ.ជ.ប ជាង ៥ម៉ឺននាក់
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២ គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង ៤០ម៉ឺននាក់ ដោយចំនួនបានលើសការប៉ាន់ស្មានរបស់ គ.ជ.ប ប្រមាណជាង ៥ម៉ឺននាក់ហើយ។
ការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៤៦២,៦៧៤នាក់។ ការប៉ាន់ស្មានរបស់ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២នេះ អាចនឹងមានប្រជាពលរដ្ឋចំនួន ៤០៩,០៥៦នាក់ ទៅចុះឈ្មោះបោះឆ្នោត។

លោក សោម សូរីដា អគ្គលេខាធិការរង និងអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែវិច្ឆិកានេះថា ក្នុងរយៈពេល ៣៥ថ្ងៃកន្លងមកនេះ ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី មានចំនួនលើសការប៉ាន់ស្មានរបស់ គ.ជ.ប ជាង ៥ម៉ឺននាក់ហើយ។
លោកថា «អញ្ចឹងចំនួនដែលចុះថ្មីនេះ បើធៀបទៅនឹងចំនួនប៉ាន់ស្មានប្រជាពលរដ្ឋ ដែលលោកអាចអញ្ជើញមកចុះឈ្មោះថ្មី នៅក្នុងផែនការហ្នឹង គឺលើសផែនការហើយ បានន័យថា លើសជាង ៥ម៉ឺននាក់ហើយ»។

ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប នៅតែបន្តចុះឈ្មោះប្រជាពលរដ្ឋខ្មែរ ដែលបំពេញតាមលក្ខខ័ណ្ឌនៃការចុះឈ្មោះបោះឆ្នោត រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ពោលគឺនៅសល់ ១៥ថ្ងៃទៀត ទើបបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងដែរថា ក្នុងរយៈពេល ៣៥ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២នេះ គឺ គ.ជ.ប បានលុបឈ្មោះប្រជាពលរដ្ឋ ចេញពីបញ្ជីឈ្មោះបោះឆ្នោតប្រមាណជា ២០ម៉ឺននាក់។ ក្នុងចំណោមឈ្មោះប្រជាពលរដ្ឋ ដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតប្រមាណ ២០ម៉ឺននាក់នេះ គឺមានមូលហេតុសំខាន់ពីរ គឺទីមួយ. ដោយសារមានអ្នកទទួលមរណៈភាព, ទីពីរ. ដោយសារមានអ្នកបានផ្លាស់ប្ដូរទីលំនៅថ្មី។
លោក សោម សូរីដា បានបញ្ជាក់ថា «ប៉ុន្តែយ៉ាងណាក៏ដោយ ឈ្មោះដែលត្រូវលុបចេញចំនួន ២០ម៉ឺននាក់នេះ ដោយមូលហេតុសំខាន់មួយ គឺគាត់បានផ្លាស់ចេញ ចឹងនៅពេលដែលគាត់ចូលទៅក្នុងឃុំ-សង្កាត់ថ្មីចំនួនជាង ២០ម៉ឺននាក់នេះ បានចុះឈ្មោះថ្មីចំនួនប្រមាណជាង ១៣ម៉ឺននាក់ដែរ»។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន