Connect with us

ព័ត៌មានជាតិ

វៀតណាម​មាន​គំរោង​វិនិយោគ​ចំនួន​១៨៤​នៅ​កម្ពុជា ដែល​មាន​ទុន​សរុប​ប្រមាណ​២.៧៦ ពាន់​លាន​ដុល្លារ​អាមេរិក

បានផុស

នៅ

ដោយ​ចាប់ផ្តើម​ចូល​មក​វិនិយោគ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៥ រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​មាន​គំរោ​ង​វិនិយោគ​ចំនួន​១៨៤​នៅ​កម្ពុជា ដែល​មាន​ទុន​សរុប​ប្រមាណ​២.៧៦​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​៣ ក្នុងចំណោម​៧៨ ប្រទេស ដែល​វៀតណាម​បានដាក់​ទុនវិនិយោគ បន្ទាប់ពី​ប្រទេស​រុស្ស៊ី និង​ឡាវ ហើយ​ក្នុង​នោះ ចាប់ពី​ឆ្នាំ​២០១៥ រហូតមកទល់​ពេលនេះ ទទួល​បាន​គម្រោង​ជា​មធ្យម​ចំនួន​១០​ក្នុង​មួយឆ្នាំ ដែល​មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ពី​៣០ ទៅ​៧០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយ​ភាគច្រើន​ផ្តោត​លើ​វិស័យ​កសិកម្ម ធនាគារ និង​ទូរគមនាគមន៍ នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​។

​ការ​បញ្ជាក់​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​នេះ បានធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អបអរសាទរ ទិវា​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤២ ដែល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់រាន​មាន​ជីវិត​ឡើងវិញ ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

ស្ថានទូត​លើក​ឡើង​ថា ៤១​ឆ្នាំ បន្ទាប់ពី​បាន​ទទួល​ជ័យជំនះ លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដោយមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​នៃ​ប្រជាជន​វៀតណាម ក្រោម​រជ្ជកាល​របស់​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​ទទួល​បាន​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

រហូត​មក​ទល់​ពេលនេះ ប្រទេស​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​បំផុត​នៅ​លើ​ពិភពលោក រួម​ទាំង​វិស័យ​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សាមគ្គីភាព វិបុលភាព និង​ស្ថិរភាព​នយោបាយ​កាន់​តែមាន​ភាពល្អប្រសើរ​។

បើ​តាម​ស្ថានទូត​វៀតណាម រហូតមកដល់​ពេលនេះ កិត្តិនាម​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ត្រូវ​បាន​ទទួល​ការលើកកម្ពស់ និង​កោតសរសើរ​ជា​បន្តបន្ទាប់​។ នា​ពេល​ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​វៀតណាម​) បាន​ឯកភាពគ្នា​បន្ត​សម្របសម្រួល​ការអនុវត្ត​សេចក្តី​ប្រកាស​រួម និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ រួមមាន ការជំរុញ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុងចំណោម​ប្រជាជន​នៃ​ប្រទេស​ទាំងពី ពិសេស​យុវជន​ជំនាន់​ក្រោយៗ អំពី​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​វៀតណាម ហើយ​កម្ពុជា​បានចាត់ទុក​ថ្ងៃទី​៧ ខែមករា នេះ​ជា​ថ្ងៃ​សម្រាក​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ផងដែរ​។ ប្រទេស​ទាំងពីរ​នៅ​បាន​អនុវត្ត​យ៉ាង​ល្អ​នូវ​ពិធីសារ និង​ផែនការ​សហប្រតិបត្តិកា​រ​ស្តីពី​កិច្ចការពារ និង​សន្តិសុខ​ជាតិ​។ ប្រទេស​ទាំងពីរ​ត្រៀមខ្លួន​យ៉ាងសកម្ម ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​១៨ សន្និសីទ​លើក​ទី​១១ ស្តីពី​កិច្ច​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ រួមគ្នា​កាត់បន្ថយ​រាល់​បញ្ហា​ស្មុគស្មាញ​នានា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​រួមដៃគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ស្ថានទូត​លើកឡើង​ដែរ​ថា ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​វៀតណាម​) ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្របច្បាប់​ចំនួន​២ ដែល​ទទួលស្គាល់​សមិទ្ធិ​ផល​៨៤​ភាគរយ នៃ​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ ហើយ​ទន្ទឹម​គ្នា​នេះ​បាន​ឯកភាព​ព​ន្លឿ​ន​ការ​បំពេញ​នីតិវិធី​ចាំបាច់​សម្រាប់​ឯកសារ​ទាំងពីរ​ខាងលើ​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ ហើយ​បន្ត​ចរចា ដើម្បី​ដោះស្រាយ​តំបន់​ព្រំដែន​ដែល​នៅ​សេសសល់​ដែល​មិនទាន់បាន​បោះបង្គោល​ព្រំដែន ដើម្បី​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ប្រកបដោយ​សន្តិភាព​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នឹងធ្វើ​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​បញ្ហា​អន្តរជាតិ និង​ក្នុង​តំបន់ ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន និង​យន្ត​ការដែល​ដឹកនាំ​ដោយ​អាស៊ាន​, អង្គការសហប្រជាជាតិ​, អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​, ASEM, និង​យន្តការ​សហប្រតិបត្តិកា​រ​អនុ​តំបន់​មេគង្គ​។

ស្ថានទូត​វៀតណាម​ឲ្យ​ដឹង​ទៀត​ថា “​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច ការវិនិយោគ​របស់​វៀ​ត​ណា​ម​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។ រហូត​មក​ទល់​ល់​បច្ចុប្បន្ននេះ ប្រទេស​វៀតណាម​មាន​គំរោ​ង​វិនិយោគ​ចំនួន​១៨៤​នៅ​កម្ពុជា ដែល​មាន​ទុន​សរុប​ប្រមាណ​២.៧៦ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៣ ក្នុងចំណោម​៧៨ ប្រទេស​និង​ដែនដី ដែល​វៀតណាម​បានដាក់​ទុនវិនិយោគ (​បន្ទាប់ពី​ប្រទេស​រុស្ស៊ី និង​ឡាវ​)​។ ប្រទេស​វៀតណាម​បានចាប់ផ្តើម​វិនិយោគ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០០៥​។ ចាប់ពី​ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេលនេះ ទទួលបាន​គំរោង​ជា​មធ្យម​ចំនួន​១០​ក្នុង​មួយឆ្នាំ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ពី​៣០-៧០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយ​ភាគច្រើន​ផ្តោតលើ​វិស័យ​កសិកម្ម ធនាគារ និង​ទូរគមនាគមន៍​”​។

​ស្ថានទូត​អះអាង​ថា ប្រទេស​ទាំងពីរ ក៏​នៅ​មាន​ការវិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ដូចជា ទេសចរណ៍ ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខភាព​សាធារណៈ​។ ជាមួយនឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​ជា​ប្រវត្តិសាស្ត្រ និង​ប្រកបដោយ​សុ​ឆន្ទៈ​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​អភិវឌ្ឍ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម