សេដ្ឋកិច្ច
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ការចរចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ បានបញ្ចប់ជាផ្លូវការហើយ ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមនៃលទ្ធផលនៃការចរចា និងបានឯកភាពគ្នាជាគោលការណ៍ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាជុំទី៣ ដែលអាមីរ៉ាតអារ៉ាប់រួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២៣ ខាងមុខ។
ក្នុងកិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃមកនេះ ប្រធានក្រុមចរចារបស់ភាគីទាំងពីរមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កា ដោយឈរលើមាគ៌ាផលប្រយោជន៍រួម និងបំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានចរចា និងដោះស្រាយរាល់ចំណុច ដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀង CAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាពបត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបន្តធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវ័ន្ត ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា -ល- ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


