ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ប្រធានថ្មី នៃមន្ទីរបរិស្ថានខេត្តកែប ត្រូវសហការល្អ បង្កើនប្រសិទ្ធភាពការងារ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រធានមន្ទីរបរិស្ថានថ្មីដែលទើបត្រូវបានប្រកាសមុខតំណែង និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប ត្រូវបន្តខិតខំប្រឹងប្រែងរក្សាឱ្យបានរឹងមាំបន្ថែមទៀតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរឱ្យបានល្អប្រសើរ បង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ការអប់រំផ្សព្វផ្សាយ ចំណេះដឹង និងព័ត៌មានបរិស្ថាន និងការលើកស្ទួយជីវភាព សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សង្គម និងមនុស្សជាតិ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសចូលរួមជាគណៈអធិបតី ពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្តកែប។ លោក អ៉ិន សៅ អនុប្រធាន មន្ទីរបរិស្ថានខេត្តកែប ត្រូវបានតែងតាំងជា ប្រធាន មន្ទីរបរិស្ថានខេត្តកែប ជំនួស លោក អ៉ឹម បញ្ញារិទ្ធិ ដែលត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកែប។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, ថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួងបរិស្ថាន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត។

លោក នេត្រ ភក្ត្រា បានថ្លែងថា ពិធីប្រកាសមុខតំណែងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ឆ្លុះបញ្ចាំងអំពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រីរាជការដែលមានស្នាដៃ គុណសម្បត្តិ សមត្ថភាព ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបាន ល្អប្រសើរ នៅក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងក្របខណ្ឌនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់ តែប្រសើរ ក៏ដូចជាពង្រឹង មូលដ្ឋាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ត្រូវធ្វើកិច្ចសហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ដើម្បីឱ្យការងាររបស់យើងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមស្នើដល់លោកប្រធានមន្ទីរបរិស្ថានខេត្តកែប ដែលទើបទទួលបានការតែងតាំងថ្មីនេះ សូមបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ ជូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមូសភាពដឹកនាំបុគ្គល ទទួលខុសត្រូវ សុច្ចរិតភាព សាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងវប្បធម៌ សេវាសាធារណៈ ដោយតម្កល់ខ្ពស់នូវ ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ត្រូវមានកិច្ចសហការល្អជាមួយគណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុងខេត្ត ដើម្បី គ្រប់គ្រងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹង សំណល់រាវលើបរិស្ថានក្នុងខេត្ត និងគិតគូរសុខទុក្ខមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន។ បន្តយកចិត្តទុកដាក់ជំរុញលើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណៈ និងផ្តល់ឱកាសការងារដល់មន្ត្រី វ័យក្មេងដែលជាធនធានមនុស្សសម្រាប់បន្តវេននៅថ្ងៃ អនាគត”។

លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះខេត្តកែប ត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះ មន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។

លោក សោម ពិសិដ្ឋ បានថ្លែងអបអរសាទរ និងជូនពរលោកប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី ជោគជ័យគ្រប់ភារកិច្ច ដើម្បីអភិវឌ្ឍន៍ និងដឹកនាំការងារពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅខេត្តកែបរីកចម្រើនបន្តទៀត ដោយត្រូវខិតខំប្រឹតប្រែងអស់កម្លាំងកាយចិត្ត និងបញ្ញា អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


