ព័ត៌មានជាតិ
ភ្ញៀវទេសចរមកលេងខេត្តកោះកុង ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថយចុះ ២២,៤៩៨ នាក់
មន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣ នេះ ចំនួនភ្ញៀវទេសចរដែលធ្លាប់តែមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តបានថយចុះ ២២,៤៩៨ នាក់ បើគិតជាភាគរយស្មើនឹង ៥៧%។

៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្មីៗនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែ ១៦,៣០៦ នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកទេសចរក្នុងស្រុកចំនួន ១៥,៩៨០ នាក់ និងទេសចរបរទេសចំនួន ៣២៦ នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ថយចុះ ២២,៤៩៨ នាក់។

ការធ្លាប់ចុះ នៃចំនួនទេសចរមកលេងកម្សាន្តបែបនេះ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងថា បណ្ដាលមកពីស្ថានភាពផ្លូវជាតិលេខ ៤៨ លំបាកធ្វើដំណើរ ខណៈផ្លូវកំពុងបើកការដ្ឋានស្ថាបនាថ្មីឡើងវិញ។ ចំពោះម្ចាស់សេវាកម្មដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួន ក៏បានដំឡើងថ្លៃផងដែរ ទោះបីជាមានការជូនដំណឹងទប់ស្កាត់យ៉ាងណាក៏ដោយ។

លោក សុខ ចាន់គ្រឹះស្នា បន្ថែមទៀតថា បញ្ហាបរិស្ថានអនាម័យនៅតាមរមណីយដ្ឋាន ត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យតំបន់គោលដៅទេសចរណ៍មានសោភណភាពស្រស់ស្អាត។

ដោយឡែកបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និយាយថា រាល់សន្តិសុខសណ្ដាប់ធ្នាប់អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃមកនេះ មិនមានបាតុភាពអាក្រក់អ្វីគួរឲ្យកត់សម្គាល់នោះទេ។ ទោះយ៉ាងណា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣ ករណី ឆេះលំនៅឋាន ១ ករណី និងករណីចោរលួចម៉ូតូ ១ ករណី ដោយទាំងអស់នោះសុទ្ធតែកើតឡើងដោយខ្វះការប្រុងប្រយ័ត្ន។

លោកស្នងការនគរបាលខេត្តកោះកុង បន្ថែមថា កងកម្លាំងរបស់លោក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានគ្រប់គ្រងស្ថានការណ៍បានល្អត្រឹមត្រូវតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ព្រមទាំងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការងារថែរក្សាការពារសន្តិសុខសុវត្ថិភាពគ្រប់ទីកន្លែង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ចៀសវាងភាពភ័យខ្លាចណាមួយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


