ព័ត៌មានជាតិ
ក្នុងថ្ងៃប្រកួតកីឡាទ្រីយ៉ាត្លុងនៅកែប លោកអភិបាលខេត្តសំណូមពរពលរដ្ឋដែលចិញ្ចឹមសត្វសងខាងផ្លូវគ្រប់គ្រង់ឲ្យល្អកុំឲ្យរត់ឆ្លងកាត់
កែប ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះសហការដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទ្រីយ៉ាត្លុង នៅខេត្តកែបនាថ្ងៃខាងមុខនេះ។
ដើម្បីកុំឱ្យមានហានិភ័យណាមួយកើតឡើងដោយចៃដន្យប្រការណាមួយ ចំពោះក្រុមកីឡាករ ដែលត្រូវធ្វើការប្រកួតកីឡាទ្រីយ៉ាងត្លុង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោកអភិបាលខេត្តកែប បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋាននៅសងខាងផ្លូវដែលក្រុមកីឡាត្រូវធ្វើការប្រកួត ត្រូវគ្រប់គ្រងសត្វចិញ្ចឹមឲ្យបានល្អ កុំឲ្យមានការរត់ឆ្លងកាត់ផ្តេសផ្តាស់ ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់កើតមានឡើងដោយប្រការណាមួយទៅក្រុមកីឡា។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា ក្រៅពីនោះការគ្រប់គ្រងលើបញ្ហាអនាម័យ ជាពិសេសកាកសំណល់ផ្លាស្ទិកអាជ្ញាធរក្រុងកែប ត្រូវធ្វើយ៉ាងណាឲ្យមានបរិស្ថានសោភ័ណភាព កុំឲ្យមានសំរាមនៅរាយប៉ាយនៅតាមដងផ្លូវ វិថីនានាក្នុងក្រុងកែប បន្ថែមពីនោះ ត្រូវធ្វើការហាមឃាត់មិនឲ្យមានរថយន្តដឹកដី ធ្វើអាជីវកម្មក្នុងរយៈពេលនៃថ្ងៃប្រកួតស៊ីហ្គេមនេះ ក៏ដូចគ្នានោះដែរត្រូវឲ្យផ្អាករាល់ការដ្ឋានណា ដែលមិនមានរបៀបរៀបរយជាដើម។

លោក អភិបាលខេត្តកែបបានសង្កត់ធ្ងន់ៗថា ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើយ៉ាងសម្រេចឲ្យបានជោគជ័យ នៅលើការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះនៅខេត្តកែប ដើម្បីលើកមុខមាត់ប្រទេសជាតិយើងលើឆាកអន្តរជាតិ។
ដូចគ្នានេះដែរ លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម ទ្រីយ៉ាត្លុង លើកនេះ ជាមុខមាត់របស់ប្រទេសកម្ពុជា សន្តិសុខសុវត្ថិភាពរបស់ប្រតិភូ និងកីឡាករជារឿងដែលយើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់។

ក្នុងនោះលោកក៏រំពឹងខ្ពស់ថា ក្រុមកីឡាករជម្រើសជាតិរបស់យើង នឹងយកបាននូវមេដាយ ជូនប្រទេសជាតិរបស់ខ្លួន។
ជុំវិញបញ្ហាទាំងនេះ លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថា កន្លងមករដ្ឋបាលក្រុងកែបបានចុះណែនាំប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារមកហើយដែរ ក្នុងនោះមានការដាក់ចេញនូវវិធានការនានា ដើម្បីធានាឱ្យមានភាពល្អប្រសើរលើបញ្ហាសំរាមនេះ ក្នុងនោះណែនាំប្រជាពលរដ្ឋ ពីការគ្រប់គ្រងសត្វពាហនៈរបស់ខ្លួន ជាមួយគ្នានេះអាជ្ញាធរក្រុង ក៏បានបំផុសចលនាមហាជនក្នុងចូលរួមអបអរសាទរ ជាមួយព្រឹត្តិការណ៍ក៏សំខាន់នេះ។
គួរបញ្ជាក់ដែរថា ការប្រកួតប្រភេទកីឡាទ្រីយ៉ាងត្លុង (ហែលទឹក ជិះកង់ រត់) លើ៧វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងក្នុងខេត្តកែប ដែលដំណើរការប្រកួតនឹងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៣នេះ៕
ដោយ ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


