ព័ត៌មានជាតិ
សម្តេច ស ខេង និងលោកជំទាវអញ្ជើញសម្ពោធអគារសិក្សាសម្តេច ជា ស៊ីម
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង ២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលផ្សេងៗទៀតនៅក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម ដែលស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំកសាងជួសជុលនិងកែលំអអគារសិក្សា ខ្លោងទ្វារ និងបរិវេណទាំងក្នុងនិងក្រៅ ឲ្យមានសោភ័ណភាពកាន់តែស្អាតល្អប្រសើឡើង ដោយចំណាយថវិកាសរុប៥០៥.២៣៧ដុល្លារ។ ក្នុងនោះមានអគារសិក្សា១ខ្នង២ជាន់មាន១០បន្ទប់ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែមសឿន ជាស៊ីម ត្រូវបានបំពាក់សម្ភារៈសិក្សា និងជួសជុលអគារសិក្សា និងបំពាក់សម្ភារៈទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ។

លោក ស សុខា ក្នុងនាមជាប្រធានគណៈកម្មការសាងសង់ជួសជុលនិងកែលម្អសាលាបឋមសិក្សាសម្តេច ជា ស៊ីម បានថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់ផ្នែកនិងសប្បុរសជននានា ដែលបានលះបង់ទាំងកម្លាំងកាយចិត្តនិងថវិកាចូលរួមធ្វើឲ្យដំណើរការសាងសង់ជួសជុលនិងកែលំអអគារសិក្សានេះ ប្រព្រឹត្តទៅដោយជោគជ័យ និងបានបន្សល់ទុកនូវអគារសិក្សាថ្មី និងសមិទ្ធផលនានា សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សចូលសិក្សារៀនសូត្របន្តជំនាន់ក្នុងបច្ចុប្បន្ន នឹងទៅអនាគត។
សម្តេចក្រឡាហោម ស ខេង បានកោតសសើដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សអស់ពីកម្លាំងកាយចិត្ត ក្នុងគោលបំណងរំលែកចំណេះដឹងបន្តដើម្បីលើកកម្ពស់វិស័យអប់រំឲ្យកាន់តែប្រសើ និងមានប្រសិទ្ធិភាព ឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារតាមតម្រូវការរបស់រាជរដ្ឋាភិបាល។ ដោយសម្តេចមានប្រសាសន៍លើកឡើងថា ឪពុក ម្តាយ ចែកទ្រព្យសម្បត្តិឲ្យកូន គឺមិនស្មើនឹងចែកចំណេះដឹងដល់កូននោះទេ ព្រោះទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ វាគង់តែអស់ តែចំណេះដឹងក្នុងខួរក្បាលមិនចេះរីងហួតឡើយ។

សម្តេច ក៏បានសម្តែងការកោតសសើនឹងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទង និងវិស័យអប់រំ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងការកែទម្រង់លើវិស័យអប់រំ។ ការថ្លែងបែបនេះខណះដែលសម្តេចបានបន្តដំណើរទៅចែកសញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២០២៣នាក់ នៅសាកលវិទ្យាល័យបាត់ដំបង៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


