ព័ត៌មានជាតិ
តើតំណែងណាខ្លះត្រូវបានផ្លាស់ប្ដូរក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់ធនាគារជាតិ?
ក្បាលម៉ាស៊ីនដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានប្រកាសផ្លាស់ប្ដូរ និងតែងតាំងថ្មី ដោយលោកស្រី ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាល ជំនួសលោក ជា ចាន់តូ ខណៈមន្ត្រី៧រូបទៀត ត្រូវតែងតាំងជាទេសាភិបាលរង អគ្គបេឡា និងអគ្គនាយក។

ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់កម្ពុជា ដែលដើរតួនាទីជាអាជ្ញាធររូបិយវត្ថុ និងការត្រួតពិនិត្យលើប្រព័ន្ធធនាគារនៅកម្ពុជា។ ក្រុមប្រឹក្សាភិបាល ជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការសម្រេចលើផែនការ-គោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា ខណៈការទទួលខុសត្រូវចំពោះកិច្ចការអនុវត្តគោលនយោបាយ និងប្រតិបត្ដិការប្រចាំថ្ងៃ គឺដឹកនាំដោយអគ្គទេសាភិបាល ទេសាភិបាលរង អមដោយអគ្គនាយកដ្ឋានចំនួន៥។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសលោក ជា ចាន់តូ ក្រោយលោកកាន់តំណែងនេះជាង២ទសវត្សមកហើយ ចាប់តាំងពីឆ្នាំ១៩៩៨។ ការតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិ នៅពេលនេះ គឺបន្ទាប់ពីលោកស្រី ជា សិរី ឡើងកាន់ជាអគ្គទេសាភិបាលរង កាលពីអំឡុងខែមីនា។

ជាមួយគ្នានេះ កូនប្រុសលោក យឹម ឆៃលី គឺលោក យឹម លាត និងមន្ត្រីចំនួន២រូបទៀត ត្រូវបានតែងតាំងមុខតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក យឹម លាត ជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។
ចំណែកអគ្គទេសាភិបាលរង ដែលទើបតែងតាំងថ្មីចំនួន២រូបទៀត គឺលោក រ័ត្ន សុវណ្ណនរៈ អតីតជាអគ្គនាយកត្រួតពិនិត្យ ខណៈលោកស្រី សាយ សំអាត ដែលមុនការតែងតាំងនេះ លោកស្រី កាន់តំណែងជាប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា។

ដោយឡែកតំណែងកម្រិតអគ្គនាយកចំនួន៤ ក៏ត្រូវបានផ្លាស់ប្ដូរថ្មីផងដែរ ជាអាទិ៍៖ ១.លោក អ៊ូ ចាន់តារា ជាអគ្គបេឡា ២.លោក គីមទី កោមលី ជាអគ្គនាយកបច្ចេកទេស ៣.លោក គិត សុវណ្ណរិទ្ធ ជាអគ្គនាយកត្រួតពិនិត្យ និង៤. លោក គ្រុយ វាសនា ជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។
ការផ្លាស់ប្ដូរថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា នៅពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលថ្មី អាណត្តិ៧ នឹងត្រូវបង្កើតឡើងក្នុងរយៈពេលប្រមាណជិត ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា មានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជា ជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ និងមានតួនាទីជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ក៏ដូចជាកិច្ចការត្រួតពិនិត្យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


