ព័ត៌មានជាតិ
លោក កើត រិទ្ធ ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអនុវត្តច្បាប់លើករណីឆបោក ដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ីមយូ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុវត្តច្បាប់ពាក់ព័ន្ធនឹងករណីឆបោក និងករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ដែលមានជនសង្ស័យឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ។

ក្នុងលិខិតជម្រាបជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ផ្អែកតាមអង្គហេតុ ដែលទទួលបាន, ឈ្មោះ ខូវ ស៊ីមយូ ហៅ ចន្ទរះ ភេទស្រី អាយុ ៣៨ឆ្នាំ បានចេញមូលប្បទានបត្រមួយចំនួន រួម មាន មូលប្បទានបត្រលេខ ២០៧៦៤៦ ចុះថ្ងៃទី ២២-០៤-២០២៣ មានទឹកប្រាក់ចំនួន ៦៥ ៨១៥ ដុល្លារ អាម៉េរិក និងមូលប្បទានបត្រលេខ ២០៧៦៤៥ ចុះថ្ងៃទី ២៤-០៤-២០២៣ មានទឹកប្រាក់ចំនួន ៥២ ៦០០ ដុល្លារ អាម៉េរិក និងមូលប្បទានបត្រលេខ ២០៧៦០៤ ចុះថ្ងៃទី ១៣-០៨-២០២៣ មានទឹកប្រាក់ចំនួន ១១៥ ៥០០ ដុល្លារអាមេរិក ដើម្បីទូទាត់សងប្រាក់ទៅឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា។
នៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន និងឈ្មោះ ញិល សុភា បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់នៅធនាគារ ប៉ុន្តែខាងធនាគារបានបញ្ជាក់ថា មូលប្បទានបត្រខាងលើមិនមានសាច់ប្រាក់នៅក្នុង គណនីនោះទេ។ ចំពោះករណីនេះ ឈ្មោះ ឈាង សុចិន្តា ឈ្មោះ យូ ប៉ូលីន ឈ្មោះ ញិល សុភា បានដាក់ពាក្យប្ដឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៣១ ចុះថ្ងៃទី ១៥-០៦-២០២៣, សំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៣៤ ចុះថ្ងៃទី ២៣-០៨-២០២៣ និងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៨៩៤ ចុះថ្ងៃទី ០៣-០៩-២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ សូមចេញអធិបញ្ញាឲ្យលោកព្រះរាជអាជ្ញា ចាត់វិធានការជាបន្ទាន់ ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ចំពោះករណីខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន ដើម្បីធានាថា ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះ នៅក្នុងករណីនេះ ត្រូវបានការពារដោយត្រឹមត្រូវ។
ចំណែកលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងដែរថា «ចំពោះករណីរឿងតុងទីននេះ ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា មានអង្គហេតុនៃបទល្មើស និងបានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអនុវត្តច្បាប់ ឲ្យបានម៉ឹងម៉ាត់លើសំណុំរឿងនេះ»៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


