Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ រុស្ស៊ី មិនមែនជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែជាអ្នក កំពុងព្យាយាមបញ្ចប់វាទៅវិញ

បានផុស

នៅ

ថ្លែងក្នុងសុន្ទរកថានៅឯក្លឹបពិភាក្សាអន្តរជាតិ Valdai កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែតុលា លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ីមិនមែនជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែផ្ទុយទៅវិញខ្លួនកំពុងព្យាយាមបញ្ចប់ជម្លោះ។

លោក ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “យើងមិនមែនជាអ្នករៀបចំរដ្ឋប្រហារបង្ហូរឈាមក្នុងទីក្រុងកៀវទេ។ មិនមែនជាយើងឡើយ ដែលបំភិតបំភ័យពលរដ្ឋនៅ គ្រីមៀ និង Sevastopol ជាមួយនឹងការបោសសម្អាតជនជាតិភាគតិចតាមបែប ណាស៊ី។ យើង​មិន​មែនជាអ្នក​ប្រើ​គ្រាប់​ផ្លោងនិង​ការ​ទម្លាក់​គ្រាប់​បែក ដើម្បី​បង្ខំឲ្យតំបន់ Donbass ​គោរព​តាមនោះ​ទេ​ ហើយយើងក៏មិនមែនជាអ្នកដែលគំរាមប្រើអំពើហិង្សា ប្រឆាំងនឹងអ្នកដែលចង់និយាយភាសាកំណើតរបស់ពួកគេដែរ”។

លោកសង្កត់ធ្ងន់ថា គឺជាទីក្រុងកៀវ ដែលបានប្រើរថក្រោះនិងកាំភ្លើងធំ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងតំបន់ Donbass។ ថ្វីបើជនស៊ីវិល និងកុមារ ត្រូវបានសម្លាប់នៅ Donbass ជាយូរមកហើយ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពីឆ្នាំមុនក៏ដោយ ក៏គ្មានប្រទេសណាផ្សេង ជាពិសេសនៅលោកខាងលិច យកចិត្តទុកដាក់ចំពោះរឿងនេះដែរ។

លោកពូទីនបានកត់សម្គាល់ទៀតថា “សង្រ្គាមដែលចាប់ផ្តើមដោយរបបក្រុងកៀវ ជាមួយនឹងការគាំទ្រយ៉ាងសកម្មនិងដោយផ្ទាល់ពីលោកខាងលិច ឥឡូវនេះបានឈានចូលដល់ឆ្នាំទី ១០ ហើយ ហើយប្រតិបត្តិការយោធាពិសេសគឺមានគោលបំណងបញ្ឈប់វា”។

ស្របពេលជាមួយគ្នានោះ លោកថែមទាំងបានគូសបញ្ជាក់ទៀតថា ជម្លោះជាមួយអ៊ុយក្រែនមិនមែនបង្កឡើងដោយមហិច្ឆតាទឹកដីទេ។ រុស្ស៊ីគឺជាប្រទេសធំជាងគេលើពិភពលោករួចទៅហើយ ដូច្នេះមិនចាំបាច់ត្រូវស្វែងរកទឹកដីថ្មីឡើយ។ រុស្ស៊ី​នៅ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ដាច់ស្រយាល​ស៊ីបេរី និង​តំបន់ចុង​បូព៌ា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ប្រកាសថា ប្រទេសរុស្ស៊ីធំជាងគេហើយ មិនចង់បានទឹកដី ថែមទៀតទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម