ព័ត៌មានជាតិ
ការទទួលខុសត្រូវ ករណីដើមលើរលំលើទ្រព្យសម្បត្តិ និងយានយន្តពលរដ្ឋ នៅភ្នំពេញ
លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា បើមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាប់ ឬលះមែកឈើ ហើយបានដួល ឬធ្លាក់សង្កត់ទៅទ្រព្យសម្បត្តិ ឬយានយន្តរបស់ពលរដ្ឋ នោះខាងមន្ទីរជាអ្នកទទួលខុសត្រូវ លើការខូចខាតទាំងនោះ។ ចំពោះករណី ខ្យល់ព្យុះ ឬគ្រោះធម្មជាតិផ្សេងៗ បណ្តាលឱ្យដើមឈើរលំសង្កត់លើយានយន្ត វាជាប្រធានស័ក្ត មិនមែនជាការទទួលខុសត្រូវរបស់មន្ទីរសាធារណការទេ។ បើប្រទេសគេវិញ យានយន្តរបស់គេ មានធានារ៉ាប់រង ហើយពេលមានគ្រោះថ្នាក់ គឺខាងក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលរ៉ាប់រង នៃការសង់ការខូចខាតទាំងនេះ។

ការបញ្ជាក់របស់ លោក សាំ ពិសិដ្ឋ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការចោទសួររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ៧មករា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ពាក់ព័ន្ធការងារស្ថាបនា ដាក់លូ ជាការងារជំនាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាច់ខាត អាជ្ញាធរសង្កាត់ត្រូវទាក់ទងមកជំនាញ ដើម្បីជីកដាក់លូ ទើបមិនប៉ះពាល់ដល់ដើមឈើនៅតាមដងផ្លូវ ដែលពលរដ្ឋបានលើកឡើង។ ចំពោះការសុំដាក់របាំងពុះចែកទ្រូងផ្លូវ ខាងមន្ទីរ នឹងដាក់ជំនាញចុះសិក្សា ដើម្បីដាក់ជូនទៅតាមសំណើ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះមានសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន ៣នាក់ និងលាយលក្សអក្សចំនួន ១៣ច្បាប់។ ប្រជាពលរដ្ឋដែលបានលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និងជំនាញសាធារណការ ក្នុងនោះរួមមាន ការសុំដាក់របាំងពុះចែកទ្រូងផ្លូវនៅសង្កាត់អូឫស្សីទី២ សូមការបំភ្លឺពាក់ព័ន្ធ ដើមឈើបាក់ រលំ លើយានយន្ត និងការស្ថាបនាលូជាដើម។ ក្នុងឱកាសនោះ លោកស្រី កែវ សុខពិសី បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីរាជធានីភ្នំពេញ មានពណ៌បៃតង សោភណ្ឌភាព និងបរិស្ថានល្អ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងខណ្ឌរបស់ខ្លួន ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបានអនុវត្តរួចហើយក្នុង ឆ្នាំ២០២៣នេះ ស្របតាមច្បាប់កំណត់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន លើកឡើងនូវសំណួរ សំណើ និងសំណូមពរ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដោយផ្ដោតលើប្រធានបទចំនួន ៤ រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ…) ទី៣ ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម) និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


