ព័ត៌មានជាតិ
ពលរដ្ឋរស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅតែពេញនិយម ការសម្ដែងល្ខោនបាសាក់
ប្រជាពលរដ្ឋរស់នៅស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម នៅតែនាំគ្នាពេញនិយម និងគាំទ្រការសម្ដែងល្ខោនបាសាក់ នៅពេលដែលមានពិធីបុណ្យទាន នៅតាមវត្តអារាម និងនៅតាមភូមិឃុំរបស់ពួកគាត់។ ជាក់ស្ដែង នៅក្នុងពិធីបុណ្យដារឆ្លងសមទ្ធិផលនានា ក្នុងវត្តសុគន្ធារាមហៅវត្តទូរ៉ី ស្ថិតនៅភូមិទូរ៉ីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅទស្សនាការសម្ដែងល្ខោនបាសាក់ នេះ។

អ្នកស្រី យ៉ត សុផល អាយុ ៥៩ឆ្នាំ អ្នកទស្សនាល្ខោនបាសាក់ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា អ្នកស្រី ជាមនុស្សចាស់ម្នាក់ ក្នុងចំណោមមនុស្សចាស់ផ្សេងទៀត ក្នុងភូមិថ្មដា ឃុំព្រែកពោធិ៍ ដែលកន្លងមកអ្នកស្រី តែងតែមានចំណង់ចំណូលចិត្ត ការទស្សនាការសម្ដែងល្ខោនបាសាក់ តាំងពីជំនាន់ អ្នកស្រីនៅយុវវ័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
មូលហេតុ ដែលធ្វើឱ្យអ្នកស្រី យ៉ត សុផល ចាប់អារម្មណ៍ និងគាំទ្រទស្សនា ការសម្ដែងល្ខោនបាសាក់ ដែលជាវប្បធម៌មួយរបស់ខ្មែរយើងនោះគឺ៖ ទី១. ចង់លើកស្ទួយវិស័យវប្បធម៌ខ្មែរ តាមរយៈការទស្សនាល្ខោនបាសាក់ ទី២. ចង់ថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឱ្យនៅគង់វង្សជាអមតៈ និងទី៣. ដោយតែតួសម្ដែងនីមួយៗ សុទ្ធតែមានទេពកោសល្យប៉ិនប្រសប់ ក្នុងការសម្ដែង ជាដើម។
អ្នកស្រី បន្ថែមថា ពេលខ្លះអ្នកស្រី មានអារម្មណ៍សប្បាយរីករាយ និងកើតទុក្ខ ឬសម្រក់ទឹកភ្នែកទៅតាមសាច់រឿងក្នុងឈុតឆាកសម្ដែង របស់តួនីមួយៗ ក្នុងក្រុមល្ខោនបាសាក់នេះ ដោយមិនដឹងខ្លួនក៏មានដែរ។ អ្នកស្រី យ៉ត សុផល សូមសំណូមពរដល់យុវជន-យុវនារី ជំនាន់ក្រោយ សូមនាំគ្នាគាំទ្រការទស្សនាល្ខោនបាសាក់ ដើម្បីលើកស្ទួយ និងថែរក្សាសម្បត្តិវប្បធម៌ដូនតាឱ្យនៅគង់វង្ស បន្ដទៅដល់មនុស្សជំនាន់ក្រោយៗទៀត។

ចំណែក អ្នកស្រី តាំង សាវឿន អាយុ ៧៤ឆ្នាំ អ្នកទស្សនាល្ខោនបាសាក់ម្នាក់ទៀត ក៏បានប្រាប់ឱ្យដឹងដែរថា អ្នកស្រី ក៏ជាមនុស្សចាស់ម្នាក់ និយមទស្សនាការសម្ដែងល្ខោនបាសាក់ ដែលជាវប្បធម៌របស់ខ្មែរ តាំងពីជំនាន់ក្រោយឆ្នាំ ១៩៧៩ ដែលជំនាន់នោះ ប្រជាជនខ្មែរជាច្រើន តែងតែនាំគ្នាមកទស្សនាល្ខោនបាសាក់ នៅពេលមានកម្មវិធីបុណ្យវត្តម្ដងៗ នេះក៏ដោយសារតែ ដើមឡើយមិនសូវសម្បូរការសម្ដែងល្ខោនបាសាក់ញឹកញាប់ ដូចសម័យបច្ចុប្បន្ន នោះឡើយ។
អ្នកស្រី តាំង សាវឿន បន្ថែមថា អ្នកស្រី មកចាំមើលការសម្ដែងល្ខោនបាសាក់ តាំងពីម៉ោង ៥និង០០នាទីល្ងាច ជាមួយកូនចៅអ្នកស្រី ដើម្បីងាយស្រួលក្នុងការទស្សនា ការសម្ដែងល្ខោនបាសាក់ បានតាំងពីពេលយប់រហូតដល់ពេលព្រឹក។

យ៉ាងណាមិញ លោក កែវ វិទូ ហៅ «នាយក្រាញ់» តួសម្ដែងត្លុក ក្នុងក្រុមល្ខោនបាសាក់ កែវ សុភ័ណ្ឌ ក្រុងកំពង់ចាម ក៏បានឆ្លៀតផ្ដល់បទសម្ភាស ក្នុងពេលសម្ដែងឱ្យកម្ពុជាថ្មីដឹងថា ក្នុងនាមលោកជាតំណាងឱ្យក្រុមសិល្បករ និងតួសម្ដែង ក្នុងវង់ល្ខោនបាសាក់នេះ លោកពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ពេលបានឃើញប្រជាពលរដ្ឋរស់នៅ ស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម ដែលកន្លងមកច្រើនតែបានជួលក្រុមល្ខោនបាសាក់របស់លោក មកសម្ដែងជូនទស្សនា ក្នុងកម្មវិធីបុណ្យផ្សេងៗ ក្នុងវត្តអារាម។
លោក បន្ថែមថា «តាមរយៈការចូលរួមទស្សនា គាំទ្ររបស់ពុកម៉ែបងប្អូន លោកតា លោកយាយ នេះហើយ ដែលជាកត្តាជំរុញទឹកចិត្តដល់ក្រុមសិល្បៈរបស់យើងខ្ញុំ មានឱកាសសម្ដែងល្ខោនបាសាក់ជូនបងប្អូន ទស្សនាបានរហូតតទៅមុខទៀតផងដែរ»។ លោក កែវ វិទូ បន្តទៀតថា ការដែលចូលរួមទស្សនាការសម្ដែងល្ខោនបាសាក់នេះ គឺជាសញ្ញាដ៏ល្អមួយ ដែលបញ្ជាក់បានថា ប្រជាជនខ្មែរ នៅតែស្រឡាញ់ គាំទ្រ សិល្បៈល្ខោនបាសាក់ របស់ដូនតាខ្មែរតាំងពីសម័យមុន ដោយមិនអាចបំភ្លេចបាន នោះឡើយ។

សូមជម្រាបជូនថា «ល្ខោនបាសាក់» ជាទម្រង់សិល្បៈបុរាណខ្មែរមួយប្រភេទ ដែលមានប្រភពមកពីល្ខោនទ្រើងឃ្លោក និងមានប្រវត្តិជាហូរហែជាយូរលង់ណាស់មកហើយ។ ចំណុចដែលធ្វើឱ្យសិល្បៈបុរាណដ៏ចំណាស់មួយនេះ នៅតែអាចរក្សាប្រជាប្រិយភាពមកដល់បច្ចុប្បន្ន គឺការសម្ដែងអាចតម្រូវទឹកចិត្តទស្សនិកជនគ្រប់មជ្ឈដ្ឋានទាំងអ្នកស្រែចម្ការ អ្នកផ្សារ សិស្ស-និស្សិត បញ្ញវន្ត និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


