Connect with us

ព័ត៌មានជាតិ

កសិករ​ខេត្ត​បាត់ដំបង​​ធ្វើ​ស្រូវ​ប្រាំង​ទិន្នផលមធ្យម​​បានជាង ៤ តោន ខណៈតម្លៃ​ទីផ្សារល្អជាង​ឆ្នាំមុន

បានផុស

នៅ

បើទោះបីនៅឆ្នាំនេះមានតំបន់ខ្លះប្រឈមការ​ខ្វះទឹកស្រោចស្របលើដំណាំស្រូវប្រាំងដែលប្រជាកសិករសម្រុកដាំលើសផែនការ ក៏មិនអាចរាំងស្ទះដល់ការប្រមូលផលរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងនោះទេ ខណៈ​​ទីផ្សារតម្លៃ​ក៏​បានល្អ។

ប្រជាកសិករបាននាំគ្នាលើកឡើងប្រហាក់ប្រហែលគ្នាថា វិស័យកសិកម្មឆ្នាំនេះហាក់មានសន្ទុះ​ល្អ​ប្រសើរ​ បើ​ទោះបីមានការប្រឈមការខ្វះទឹកស្រោចស្រប ក៏មន្ត្រីជំនាញនាំគ្នាដុតដៃដុតជើងជួយឲ្យពួកគាត់ទទួលផលតាមការរំពឹងទុកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំអាត ជាកសិករក្នុងស្រុកបាណន់ខេត្ត​បាត់ដំបង​បានឲ្យដឹងថា លោកបានធ្វើស្រែប្រាំង ២ ហិកតា។ លោកប្រមូល​ផលបាន ១ ហិកតាជិត ៥ តោន និង ១ ហិកតាទៀតបាន ៤ តោនជាង ហើយការ​ដាំដុះមិនមានការខូចខាតទេ ដោយសារ​តែ​ជួយ​សង្គ្រោះទាន់ពេល។

ចំណែកកសិករឈ្មោះ ស៊ុន ដៀប ដែលមានស្រែនៅជិតគ្នានោះ​ ក៏បានសម្តែង​ក្តីរីករាយក្នុងការប្រមូលផលដែរដោយលោកធ្វើបានលើផ្ទៃដី ៥ ហិកតាលើទីតាំងផ្សេងៗគ្នា មិនមានការខូចខាតនោះទេ គឺបានផលល្អទាំង ៥ ហិកតា។

លោកបន្តថា “ឆ្នាំនេះបំណុលគេ ដែលខ្ញុំខ្ចីយកមកធ្វើស្រែបានសងអស់ ហើយក៏បានដល់គ្រាន់បើដែរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ”។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តលើកឡើងថា ខេត្តបាត់ដំបងកសិករប្រមូលផលបានច្រើនតាមការរំពឹងទុក បើទោះបីមាន​ការប្រឈមទឹកស្រោចស្រពខ្លះលើតំបន់មួយចំនួនក៏កំណើនទិន្នផលមិនធ្លាក់ចុះនោះដែរ។

លោកបន្តថា សម្រាប់ទិន្នផលគិតជាមធ្យម ស្រូវប្រាំងបាន ៤,៥០ តោន ក្នុង ១ ហិកតា តែនៅតំបន់ខ្លះទទួលបានទិន្នផលជាង ៥ តោនក្នុង១ហិកតា។

បើយោងតាមរបាយការណ៍ ស្តីពីល្បឿនការងារប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ពីមន្ទីរកសិកម្មខេត្ត ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករានេះ បានបង្ហាញឲ្យដឹងថា ស្រូវស្រាលរដូវប្រាំងមានផ្ទៃដីអនុវត្ត ៦៤.៥៥៤ ហិកតា និងផ្ទៃដីប្រមូលផលក៏មាន ៦៤.៥៥៤ ហិកតា។ បើធៀបឆ្នាំមុន មានចំនួន ២៨,២៤៣ ហិកតា ស្មើនិង ៤៣,៧៥%។

ដោយឡែក តម្លៃទីផ្សារឆ្នាំនេះគិតចាប់ពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ ស្រូវសែនក្រអូប (សើម) តម្លៃ ១,៣៩០រៀល ក្នុង១គីឡូក្រាម និង ស្រូវស្រងែ-OM (5154)​ ចន្លោះពី ១,១៧០-១,២៧០​រៀល ក្នុង១គីឡូក្រាម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម