ព័ត៌មានជាតិ
ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់ ថ្នាលអប់រំ សាលាឌីជីថល ស្របតាមបរិបទអប់រំថ្មី
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការថ្នាលអប់រំ សាលាឌីជីថល (#SalaDigital) ដែល មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។ នេះបើតាមការផ្ដល់ព័ត៌មានដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលអប់រំ សាលាឌីជីថល បានឱ្យដឹងថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្តល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

ក្រសួងអប់រំ សូមធ្វើការណែនាំដល់ លោក លោកស្រី សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និង បង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យ ធនធាន ឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ុនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និង ស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត។

បណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងថា សាលា ឌីជីថល” មានមុខងារសំខាន់ធំៗចំនួនពីរ៖ ប្រព័ន្ធស្វ័យសិក្សាតាមអេឡិចត្រូនិក “e-learning features” និង មុខងារមួយទៀតជា បណ្ណាល័យ ឌីជីថល “digital library features”។ សលាឌីជីថល ជាសាលារៀននិម្មិតមួយ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចស្វ័យសិក្សាខ្លួនឯងបាន ចំណែកគ្រូបង្រៀន គឺអាចមានសិទ្ធិនៅក្នុងការបង្កើតសាលារៀ់នសម្រាប់ចែករំលែកទៅកាន់អ្នកសិក្សា តាមមុខជំនាញផ្សេងៗគ្នា (ជំនាញរឹង និងជំនាញទន់) ហើយបង្រៀននូវចំណេះដឹងអ្វី ដែលគាត់ចេះទៅកាន់អ្នកដទៃ ឬទៅសិស្សានុសិស្សរបស់គាត់បាន។

គួរបញ្ជាក់ថា សាលា ឌីជីថល គាំទ្រដល់កំណែទម្រង់ការអប់រំបែបឌីជីថល នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ស្របតាមការវិវត្តរបស់បរិវត្តកម្មអប់រំឌីជីថល កម្រិតសាកល និងក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើមរបស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។ មកដល់ពេលនេះ សាលាឌីជីថល មាន ៨៩ ៤៨១ អ្នកប្រើប្រាស់ ៦២ សាលា ១ ៨៤២ សៀវភៅ និង ១១៨ មេរៀន៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


