កីឡា
បឹងកេតទទួលបានដៃគូឧបត្ថម្ភថ្មីធ្វើឲ្យក្លិបមាននិរន្តរភាព
ក្លិបបាល់ទាត់បឹងកេតទទួលបានដៃគូឧបត្ថម្ភថ្មីដែលបានក្លាយជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ដំណើរការដំណើការក្លិបបន្តទៅមុខទៀតក្នុងអន្តរកាលសេដ្ឋកិច្ចធ្លាក់ចុះ ក្រោយបញ្ចប់វិបត្តិកូវីដ-១៩។

ក្នុងបទសម្ភាសក្រោយពិធីចុះហត្ថលេខាជាមួយដៃគូឧបត្ថម្ភថ្មី លោកស្រី ពុធ ធីតា បានរៀបរាប់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ បឹងកេតជួបបញ្ហាសេដ្ឋកិច្ចខ្លាំង។ ក្នុងអន្តរកាលនេះ ក្លិបបានព្យាយាមស្វែងដៃគូឧបត្ថម្ភស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្រមានក្រុមហ៊ុនណាចាប់អារម្មណ៍ណាស់។
ស្ត្រីជាប្រធានក្លិបបាល់ទាត់រូបនេះបានទម្លាយឲ្យដឹងថា ពេលជួបការលំបាកខ្លាំង ពេលខ្លះចង់បោះបង់ចោល ប៉ុន្តែដោយបានថ្នាក់ដឹកនាំជួយលើកទឹកចិត្តទើបលោកស្រីតស៊ូបន្តដំណើរការក្លិបដល់សព្វថ្ងៃ។

នៅពេលសួរថា តើលោកស្រីធ្លាប់គិតចង់បោះបង់ចោលទេនៅពេលជួបការលំបាកខ្លាំង? លោកស្រីបានប្រាប់ថា ៖«ខ្ញុំអត់កុហកទេ។ ខ្ញុំធ្លាប់គិតរឿងនេះ។ គិតមើលទៅ បើអត់មានអីផងហ្នឹង តើបន្តទៅមុខមិចកើត? ទឹកចិត្តអត់ពេញដូចមុនទេ។ បេះដូងនៅមាន តែកម្លាំងចិត្តស្ទើរអស់ ក៏ប៉ុន្តែចៃសំណាងដែរ បានថ្នាក់ដឹកនាំផ្តល់កម្លាំងចិត្ត អ្នកជុំវិញខ្លួនជួយលើកទឹកចិត្ត។ មិនត្រឹមតែជួយកម្លាំងចិត្តប៉ុណ្ណោះទេ ជួយទាំងថវិកាថែមទៀតដើម្បីទ្រាំតស៊ូដើរទៅមុខទៀត បន្តទៅមុខដើម្បីឲ្យដល់ពេលសេដ្ឋកិច្ចល្អប្រសើរវិញ»។
លោកស្រីបន្តថា ក្នុងពេលវេលាដ៏លំបាក ក្លិបបានព្យាយាមដើរស្វែងរកដៃគូឧបត្ថម្ភគ្រប់ទីកន្លែង ផ្ញើឯកសារឲ្យគេគ្រប់ទីកន្លែងដើម្បីសុំជួបគេ។ ផ្ទុយទៅវិញមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ ម្ចាស់ឧបត្ថម្ភ ទោះក្តី ច្រើនក្តី ក៏ក្លិបទទួលយកដែរ ប៉ុន្តែកម្រមានក្រុមហ៊ុនចាប់អារម្មណ៍ណាស់។

«នៅពេលធនាគារវីងចាប់អារម្មណ៍ ខ្ញុំស្ទើរតែមិនជឿខ្លួនឯង។ ខ្ញុំរំភើបខ្លាំងដែលគាត់បានចូលរួមចំណែកនេះ។ យើងដឹងស្រាប់ហើយ ការអភិវឌ្ឍបាល់ទាត់ យើងត្រូវការចូលរួមចំណែកបំផុតពីដៃគូសហការ។ យើងមិនចាំបាច់ទៅប្រជែងជាមួយក្លិបនៅតំបន់អាស៊ី ឬពិភពលោកទេ ត្រូវការត្រឹមតែប្រកួតប្រជែងជាមួយប្រទេសជិតខាង អីចឹងយើងត្រូវការចាំបាច់ដៃគូសហការដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជា»។

ក្រោយវិបត្តិកូវីដ-១៩ និងនៅក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ បឹងកេតបានចាកចេញពីកីឡដ្ឋានផ្ទាល់ខ្លួនដែលជាកន្លែងជួលដីគេដំណើរការ។ រដូវកាល២០២៣-២៤ បឹងកេតបានស្នើសុំក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីប្រើពហុកីឡដ្ឋានជាតិអូឡាំពិកជាផ្ទះរៀបចំការប្រកួត។ សព្វថ្ងៃនេះ បឹងកេតមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួនទេដោយមានត្រឹមតែទីលានហ្វឹកហាត់ប៉ុណ្ណោះ។ នៅពេលនេះ បឹងកេតទទួលបានដៃគូឧបត្ថម្ភថ្មីជាផ្នែកមួយជួយសម្រាលបន្ទុកក្នុងការចំណាយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


