ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេសទទួលបន្ទុកនៅ មីយ៉ាន់ម៉ា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅបានចេញមកបញ្ជាក់ពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នោះគឺអង្គការសហប្រជាជាតិ (UN) អាចនឹងមានការតែងតាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាបេសកជនពិសេសទទួលបន្ទុកប្រចាំប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យីងឡាក់ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកស្រីមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែលោកស្រីមិនបានដឹងពីមុខតំណែងថ្មីនេះនោះឡើយ ប៉ុន្តែលោកស្រីនឹងសប្បាយរីករាយក្នុងការកាន់តំណែងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បើទោះជាមិនបានដឹងពីការប្រកាសតែងតាំងជាផ្លូវការណាមួយក៏ដោយ ។
អតីតនាយករដ្ឋមន្ត្រីថៃវ័យ ៥៧ ឆ្នាំរូបនេះបានលើកឡើងទៀតថា “ខ្ញុំសង្ឃឹមនឹងអាចរកផ្លូវផ្លាស់ប្ដូរសម្រាប់ប្រទេសមីយ៉ាន់ម៉ា ។ បងប្រុសរបស់ខ្ញុំ ថាក់ស៊ីន អាចជាប្រយោជន៍រួមមួយ ដោយសារតែគាត់ស្គាល់គ្នាជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ស្រាប់ផង” ។
ទោះយ៉ាងណា ដំណឹងនៃការតែងតាំងនេះមិនទាន់ចេញជាផ្លូវការនៅឡើយទេ ស្របពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បានត្រឹមបញ្ជាក់ប្រាប់សារព័ត៌មាន The Irrawaddy ប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មែនហើយ ប្រសិនបើលោកស្រី យីងឡាក់ ក្លាយជាបេសកជនពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាមែននោះ វាពិតជាល្អខ្លាំងណាស់” ។

កៅអីសម្រាប់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកក្នុងប្រទេសមីយ៉ាន់ម៉ា គឺទំនេរមិនមានអ្នកអង្គុយនោះឡើយ ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយការចាកចេញរបស់លោកស្រី Noeleen Heyzer បន្ទាប់ពីត្រូវបានតែងតាំងនៅខែតុលា ឆ្នាំ២០២១ ពោលរយៈពេល ៦ ខែក្រោយរដ្ឋប្រហារយោធា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយការទូតពន្លត់ភ្លើងសង្គ្រាម ។ ទោះយ៉ាងណាលោកស្រីកាន់តួនាទីបានត្រឹម ២០ ខែប៉ុណ្ណោះ ហើយប្រកាសចាកចេញពីមុខតំណែងដោយលើកអង្គហេតុថា មានបញ្ហាផ្ទៃក្នុងជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ។
បើទោះបីជាព័ត៌មាននេះមិនទាន់ច្បាស់ ១០០ ភាគរយក៏ដោយ ប៉ុន្តែរឿងរ៉ាវនៃការតែងតាំងប្អូនស្រីលោក ថាក់ស៊ីន ជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ានេះ ក៏មានប្រជាជនក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ សម្ដែងការសាទរចំពោះវត្តមានបេសកជនថ្មីដើម្បីព្យាបាលមុខរបួស ក្រោយរដ្ឋប្រហារយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០២១ ។

ទន្ទឹមនោះ ដំណឹងល្អិចល្អៀងនៃការតែងតាំងលោកស្រី យីងឡាក់ នេះទៀតសោត ក៏ទទួលការស្វាគមន៍យ៉ាងក្លៀវក្លាពីសំណាក់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ព្រោះថានេះអាចជាការយកចិត្តទុកដាក់ថ្មីមួយរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តតួនាទី និងចក្ខុវិស័យនានានៅមីយ៉ាន់ម៉ាក្នុងភ្នក់ភ្លើងសង្គ្រាមរយៈពេល ៣ ឆ្នាំមកនេះ ។ ម្យ៉ាងក៏ដោយសារតែប្អូនស្រីលោក ថាក់ស៊ីន រូបនេះទើបតែរួចផុតពីទោសទណ្ឌនៃការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើពុករលួយ អំឡុងកាន់អំណាចនាឆ្នាំ ២០១៣ ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ធ្លាប់ហោះទៅកាន់មីយ៉ាន់ម៉ាផងដែរកាលពីខែធ្នូ ឆ្នាំ២០១១ អំឡុងពេលដែលប្រទេសនៅមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយនៅពេលនោះ ម្ដាយមីងរបស់ប្រធានគណបក្សភឿថៃរូបនេះក៏បានជួបជាមួយលោកប្រធានាធិបតី ថេន សេន និងប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោនផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


