ព័ត៌មានអន្ដរជាតិ
កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ
អ្នកភូមិជាច្រើននាក់បានរងរបួស ហើយផ្ទះជាង ៣០០ ខ្នងត្រូវបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីនាវាចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងដាក់ភូមិមួយក្នុងតំបន់ Kyaikmaraw នៃរដ្ឋ Mon ដើម្បីសងសឹកចំពោះការវាយដណ្ដើមយកប៉ុស្តិ៍ប៉ូលិសនៅក្បែរនោះពីសំណាក់កងកម្លាំងការ៉ែន ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីចុងខែមីនាកន្លងទៅ ។

កងទ័ពរំដោះជាតិការ៉ែន (KNLA) និងសម្ព័ន្ធក្រុមប្រដាប់អាវុធផ្សេងទៀតនៅថ្ងៃចន្ទនេះបានវាយដណ្ដើមយកប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្នុងភូមិ Kawbein ចម្ងាយប្រមាណ ៩៦ គីឡូម៉ែត្រពីទីបញ្ជាការភូមិភាគឦសានដែលកំពុងក្ដោបក្ដាប់ដោយរដ្ឋាភិបាលយោធា ហើយដើម្បីជាការសងសឹក កម្លាំងទ័ពជើងទឹករបស់របបសឹកមីយ៉ាន់ម៉ាបានបញ្ចេញនាវាចម្បាំង និងដាក់កាណុងបាញ់ផ្លោងមិនអាណិតអាសូរចេញពីទន្លេ Gyaing នៅក្បែរភូមិ Dhamma Tha ។
ទន្ទឹមនោះ យោងតាមក្រុមប្រឹក្សាសហព័ន្ធរដ្ឋ Mon (MSFC) បានឲ្យដឹងដែរថា ក្រោយពីការបាញ់រះនោះហើយ ភ្លើងក៏បានឆាបឆេះអស់រយៈពេល ៤ ម៉ោង និងបណ្តាលឲ្យប្រជាពលរដ្ឋជាង ៣០ នាក់រងរបួស ដោយសារតែរលាកភ្លើង ហើយថែមទាំងលេបត្របាក់ផ្ទះចំនួន ៣០០ ខ្នងផងដែរក្នុងចំណោមផ្ទះសរុប ១ ពាន់ខ្នង ខណៈកងកម្លាំងរដ្ឋាភិបាលមិនបានបន្ថូរដៃនោះឡើយ ពោលមានតែបើកការវាយលុកទៅភូមិដទៃទៀត ។

អ្នកភូមិដែលរត់គេចខ្លួនចេញពីអណ្ដាតភ្លើងបានប្រាប់សារព័ត៌មាន The Irrawaddy ថា “ផ្ទះស្ទើរតែទាំងអស់នៅក្នុងភូមិ គឺសាងសង់ឡើងពីឥដ្ឋ ហើយផ្ទះអ្នកខ្លះ ២ ជាន់ ឯខ្លះទៀត ៣ ជាន់ ។ យើងប្រឹងសង់ផ្ទះដើម្បីជ្រកកោន បន្ទាប់ខំសន្សំសំចៃលុយពីការរត់ទៅធ្វើការនៅប្រទេសថៃជាង ១០ ឆ្នាំ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានរលាយគ្មានសល់” ។
អ្នកភូមិបន្តទៀតថា “ឥឡូវនេះភ្លើងបានលេបត្របាក់ផ្ទះសម្បែងរបស់យើងស្ទើរតែក្លាយផេះផង់ទៅហើយ ដោយសារតែរថយន្តពន្លត់អគ្គិភ័យមិនអាចបើកចូលបាន ។ អ្នកភូមិបានសម្រេចចិត្តរត់ទៅដងទឹកទន្លេដើម្បីយកមកពន្លត់ ប៉ុន្តែទម្រាំពន្លត់បាន ផ្ទះជាង ២០០ ខ្នងបានក្លាយជាផេះទៅហើយ” ។

ចាប់តាំងពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធ ៣ នាក់បងប្អូនវាយដណ្ដើមបានប៉ុស្តិ៍ប៉ូលិសក្នុងភូមិ Kawbein មក ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាង ២៦០ នាក់ត្រូវបានដាក់ពង្រាយកម្លាំងនៅក្នុងចំនួន ២ ផ្សេងទៀតនៅក្បែរនោះ ខណៈអ្នកស្រុកជាច្រើននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


