Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី រញ្ជួយដីខ្លាំងប៉ុណ្ណឹងហើយ អគារខ្ពស់បំផុតរបស់តៃវ៉ាន់ នៅតែអាចស៊ូទ្រាំមិនបាក់រលំបាន?

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃពុធទី៣ខែមេសា ដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ហើយថែមទាំងផ្តួលរំលំអគារមួយចំនួនទៀតផង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្វីដែលគេគ្រប់គ្នាចាប់អារម្មណ៍និងមានចម្ងល់ខ្លាំងបំផុតនោះគឺថា អគារកម្ពស់ខ្ពស់បំផុតរបស់កោះតៃវ៉ាន់ Taipei 101 នៅតែឈរយ៉ាងរឹងមាំទប់ទល់ជាមួយកម្លាំងរញ្ជួយ ដោយគ្មានខូចខាតអ្វីសោះ។ តើនេះបណ្តាលមកពីមូលហេតុអ្វីទៅ?

ចម្លើយគឺថា អគារខ្ពស់កប់ពពកកម្ពស់១០១ជាន់របស់តៃវ៉ាន់មួយនេះ មានភ្ជាប់ជាមួយឧបករណ៍ពិសេស ដើម្បីការពារពីរញ្ជួយដីនិងខ្យល់បក់ខ្លាំង៖ នោះគឺប៉ោលដែកទម្ងន់៦០០តោន ដែលព្យួរនៅកម្ពស់ជាង៣០០ម៉ែត្រពីលើដី។

(រូបថត៖ GoodyO)

ប៉ោលដែកពណ៌មាសមួយនេះ គឺព្យួរនៅជាន់ទី៩២របស់អគារ ហើយពេលដែលអគារផ្អៀងទៅម្ខាង ប៉ោលដែកនេះនឹងយោលទៅទិសដៅម្ខាងផ្សេង ដើម្បីទប់លំនឹងរបស់អគារ។ ឧទាហរណ៍ថា បើខ្យល់បោកបក់ឬរញ្ជួយដីធ្វើឲ្យអគារទ្រេតទៅខាងឆ្វេង ដុំប៉ោលនោះ នឹងយោលមកខាងស្តាំ ដើម្បីរក្សាលំនឹងអគារឲ្យមានតុល្យភាព។

អគារខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ C.Y. Lee & Partners ហើយដោយសារតែស្ថានភាពភូមិសាស្រ្តរបស់តៃវ៉ាន់ ស្ថិតនៅលើខ្សែបន្ទាត់ភ្នំភ្លើង Ring Of Fire ទើបក្រុមហ៊ុនគិតគូរ គូសប្លង់អគារឲ្យមានភាពបត់បែនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង។

(រូបថត៖ Alvinku)

អគារ Taipei 101 បានពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា ជាមួយអង្កត់ផ្ចិត៥.៤ម៉ែត្រ ដុំនេះត្រូវបានធ្វើឡើងដោយបន្ទះដែករឹងចំនួន៤១ស្រទាប់ ដែលផ្សារភ្ជាប់គ្នាដើម្បីបង្កើតជារង្វង់មូល។

ចំណែកបើយោងតាមក្រុមហ៊ុន A+H Tuned Mass Dampers ដែលជួយបង្កើតឧបករណ៍នេះ បានឲ្យដឹងថា ដុំប៉ោលដែកទម្ងន់៦០០តោននេះ អាចជួយកាត់បន្ថយចលនារបស់អគារបាន ៤០%។ 

(រូបថត៖ Getty)

ការសាងសង់អគារ Taipei 101 បានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ ហើយបញ្ចប់ទាំងស្រុង មុនថ្ងៃចូលឆ្នាំសកល២០០៤ រួចក៏បើកជាសាធារណៈ ហើយពេលនោះ វាជាអគារខ្ពស់បំផុតលើពិភពលោក។ គ្រប់ជាន់នៃអគារ ត្រូវបានដំឡើងជាមួយនឹងដែកទ្រទម្ងន់ ដែលរត់ពីស្នូលអគារទៅជួរឈរខាងក្រៅរបស់អគារ ដើម្បីបង្កើនភាពរឹងមាំ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមេសា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនារយៈពេល២៥ឆ្នាំរបស់កោះ តៃវ៉ាន់ បានកើនដល់៩នាក់ ខណៈ១០០០នាក់រងរបួស លើសពីនេះ ក៏មានអគារមួយចំនួនត្រូវបាក់រលំផងដែរ។

គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រនេះ មានចំណុចកណ្តាលក្បែរកោះ Hualien ជាមួយនឹងជម្រៅ៣៤.៨គីឡូម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សស្លាប់ដោយរញ្ជួយដីនៅតៃវ៉ាន់ កើនឡើងបន្ថែម ខណៈ ១០០០នាក់ រងរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៩ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម