Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ដោយរញ្ជួយដីនៅតៃវ៉ាន់ កើនឡើងបន្ថែម ខណៈ ១០០០នាក់ រងរបួស

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមេសា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនារយៈពេល២៥ឆ្នាំរបស់កោះ តៃវ៉ាន់ បានកើនដល់៩នាក់ ខណៈ១០០០នាក់រងរបួស លើសពីនេះ ក៏មានអគារមួយចំនួនត្រូវបាក់រលំផងដែរ។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក, គ្រោះរញ្ជួយដីនេះ មានកម្រិត៧.៤រ៉ិចទ័រ មានចំណុចកណ្តាលក្បែរកោះ Hualien ជាមួយនឹងជម្រៅ៣៤.៨គីឡូម៉ែត្រ។

ភ្លាមៗក្រោយរញ្ជួយដី កោះតៃវ៉ាន់ ប្រទេសជប៉ុន និងហ្វីលីពីន សុទ្ធតែទាញសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខណៈឆ្នេរមួយចំនួនបានមើលឃើញរលកកម្ពស់ដល់ទៅ៣ម៉ែត្រឯណោះ ប៉ុន្តែក្រោយមកបានដកការព្រមាននេះចេញវិញ។

នៅតំបន់មួយចំនួន មានសេចក្តីរាយការណ៍អំពីបំណាក់ដី ហើយក្នុងទីក្រុងតៃប៉ិ ការរញ្ជួយខ្លាំងក្លា ក៏បង្ខំឲ្យប្រព័ន្ធរថភ្លើងក្រោមដី ត្រូវបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីផងដែរ។

ដើមឡើយអាជ្ញាធរប្រកាសថា មនុស្ស៧៧នាក់ បានជាប់នៅក្នុងផ្លូវរូងក្រោមដី និងអគារដែលបាក់រលំ ហើយមនុស្ស៥០នាក់ ធ្វើដំណើរដំណើរតាមរថយន្តក្រុងចំនួន៤គ្រឿង ឆ្ពោះទៅកាន់សណ្ឋាគារក្នុងឧទ្យានជាតិ Taroko Gorge ក៏បាត់ទំនាក់ទំនងផងដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតឡើយ។

កុំថាឡើយតៃវ៉ាន់ ជប៉ុន និងហ្វីលីពីន សម្បីខេត្ត Fujian និងទីក្រុង សៀងហៃ នៃប្រទេសចិន ក៏ត្រូវរង្គើដោយការរញ្ជួយដីដ៏មានឥទ្ធិពលនេះផងដែរ។

សូមជម្រាបជាថ្មី រញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៩៩មក នៅពេលការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២ ៤០០នាក់ និងបំផ្លាញអគារចំនួន ៥០ ០០០អគារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ ក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម