ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រាប់បុគ្គលិករបស់ខ្លួននៅ អ៊ីស្រាអែល កុំចេញទីណាផ្ដេសផ្ដាសប្រយ័ត្ន អ៊ីរ៉ង់ ផ្លោងគ្រាប់ចំ
សហរដ្ឋអាមេរិកកាលពីព្រហស្បតិ៍កន្លងទៅបានដាក់កំហឹតលើបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសអ៊ីស្រាអែលកុំឲ្យចេញទៅណាផ្ដេសផ្ដាស ជាពិសេសនៅខាងក្រៅទីក្រុង Tel Aviv ទីក្រុង Jerusalem និងទីក្រុង Be’er Sheva ចំពេលអ៊ីរ៉ង់សម្លុតគំរាមសងសឹកប្រឆាំងនឹងសត្រូវក្នុងតំបន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ ។

ស្ថានទូតអាមេរិកបាននិយាយនៅក្នុងសារដាស់តឿនមួយថា “សូមបុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសមិនត្រូវធ្វើដំណើរជាលក្ខណៈឯកជនទៅខាងក្រៅតំបន់ Herzliya, Netanya និង Yehuda របស់ទីក្រុង Tel Aviv រួមទាំងទីក្រុង Jerusalem និងទីក្រុង Be’er Sheva នោះឡើយ រហូតដល់មានការជូនដំណឹងបន្ថែម” ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានគោលនយោបាយការពារ ក៏ដូចជាជូនដំណឹងដល់ប្រជាពលរដ្ឋអាមេរិកទាំងអស់តាមរយៈសារព្រមានផ្សេងៗគ្នា នៅពេលដែលមានការធ្វើបច្ចុប្បន្នពាក់ព័ន្ធនឹងវិធានការសន្តិសុខសម្រាប់បុគ្គលិកស្ថានទូរបស់ខ្លួននៅក្រៅប្រទេស ស្របពេលដែលលោកប្រធានាធិបតី Joe Biden បានបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់កំពុងគំរាមបើកការវាយប្រហារសងសឹក ក៏ដូចជាការបាញ់ផ្លោងមកកាន់អ៊ីស្រាអែលវិញ ប៉ុន្តែយ៉ាងណា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តចំពោះការការពារសន្តិសុខមិត្តភក្តិបរទេសរបស់ខ្លួន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសារព័ត៌មានបានចាក់សួរអំពីសារដាស់តឿនផ្នែកសន្តិសុខទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller ហើយលោកបានកត់សម្គាល់ថា អ៊ីរ៉ង់បាននិងកំពុងគំរាមកំហែងជាសាធារណៈចំពោះអ៊ីស្រាអែល ហើយយើងពិតជាបានដាក់កំហឹតលើការធ្វើដំណើរជាលក្ខណៈឯកជនរបស់បុគ្គលិកស្ថានទូតយើងប្រាកដមែន ប៉ុន្តែយ៉ាងណា យើងក៏កំពុងតាមដានបរិយាកាសនៃការគំរាមកំហែងទាំងនៅមជ្ឈិមបូព៌ា និងនៅអ៊ីស្រាអែលផងដែរ” ។

ស្របពេលជាមួយគ្នានេះ ការព្រមានរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ពីលេចឮដំណឹងថា អ៊ីរ៉ង់អាចនឹងឲ្យអ៊ីស្រាអែលភ្លក់រសជាតិស្នាដៃសងសឹក បន្ទាប់ពីថ្ងៃទី១២ ខែមេសានេះ ពោលក្រោយពេលដែលពិធីបុណ្យសាសនាឥស្លាម Eid ចប់សព្វគ្រប់ ខណៈខាងអ៊ីស្រាអែលក៏រៀបចំទប់ទល់គ្រប់សេណារីយ៉ូផងដែរ ។
កាលពីថ្ងៃទី១ ខែមេសា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយស្តីពីការទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសនោះទេ ។
ចំណែកឯខាងភាគីអ៊ីរ៉ង់វិញក៏មិនទាន់ចេញវោហារសាស័ព្ទណាមួយពាក់ព័ន្ធនឹងការបញ្ជាក់របស់អ៊ីស្រាអែលនោះដែរ ប៉ុន្តែបែរជាដាក់ផ្ទាំងស៊ីបទៅកាន់សហរដ្ឋអាមេរិកថាជាអ្នកបើកដៃឲ្យអ៊ីស្រាអែល ទើបកងកម្លាំងរបស់លោក Netanyahu ថ្លើមធំហ៊ានបើកការវាយប្រហារមិនខ្លាចក្រែងយ៉ាងដូច្នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារសងសឹក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


