ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ដែនកំណត់នៃសេរីភាពបញ្ចេញមតិ ពិតជាមានចែងទាំងក្នុងច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ
រហូតមកទល់ពេលនេះ នៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ ក៏ដូចជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជា ដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួននៃច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។
មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
មាត្រា២២(២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនរារាំងដល់ការរឹតត្បិតខាងផ្លូវច្បាប់លើសមាជិកយោធាឬនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។

មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។
នៅកម្ពុជា អ្នកតាំងខ្លួន ជាអ្នកការពារសិទ្ធិមនុស្សមួយចំនួនមិនដែលលើកយកដែនកំណត់ និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមកនិយាយម្តងណាឡើយ ពោល គឺពួកគេនិយាយតែពីសិទ្ធិសេរីភាពគ្មានព្រំដែន។ ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែនកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អ ដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយដែលលាក់នៅពីក្រោយខ្នងដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់។
ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ លោក ប៉ែន បូណា បានស្នើដល់អ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ។ ការលាក់បាំងការពិត និងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វា គឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់ និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


