ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ធ្វើសមយុទ្ធវាយបកនុយក្លេអ៊ែរ ដើម្បីប្រុងប្រៀបខ្លួនឲ្យហើយ
ដោយមើលទៅស្ថានការណ៍ហាក់មិនសូវស្រួល ប្រទេសកូរ៉េខាងជើង បានប្រុងប្រៀបខ្លួន ដោយរៀបចំសមយុទ្ធវាយបកនុយក្លេអ៊ែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា សមយុទ្ធនេះទៀតសោត ត្រូវបានលោក គីម ជុងអ៊ុន ចុះទៅត្រួតពិនិត្យដោយផ្ទាល់ទៀតផង។
តាមការចុះផ្សាយរបស់ KCNA, សមយុទ្ធនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី២២ខែមេសា ខណៈមុននេះ យោធាកូរ៉េខាងត្បូង ក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើង បានបាញ់ចេញនូវមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីប៉ុន្មានគ្រាប់ បង្កការភ្ញាក់ផ្អើល។
របាយការណ៍ដដែលបន្តថា លោក គីម បានដឹកនាំសមយុទ្ធយុទ្ធសាស្ត្រ ដែលអនុវត្តការវាយប្រហារនុយក្លេអ៊ែរបកទៅវិញ និងការបាញ់រ៉ុកកែតទំនើបៗជាច្រើនប្រភេទ។ ក្នុងសមយុទ្ធនោះ គ្រាប់រ៉ុកកែត បានវាយប្រហារចំគោលដៅ នៅលើកោះមួយមានចម្ងាយប្រហែល៣៥២គីឡូម៉ែត្រ ធ្វើឲ្យលោកគីម ពេញចិត្តស្តូក ញញឹមបិទមាត់មិនជិត។
សមយុទ្ធនេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោក គីម ប្រកាសក្តែងៗថា ស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងនៅជុំវិញប្រទេសរបស់លោក គឺមានន័យថា ឥឡូវដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ច្បាំងសង្គ្រាមមែនទែនហើយ។
ក្នុងអំឡុងពេលចុះទៅពិនិត្យសកលវិទ្យាល័យយោធានិងនយោបាយគីមជុងអ៊ីល លោក គីម បានប្រាប់បុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យថា “ប្រសិនបើសត្រូវរើសយកការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងធ្វើការវាយប្រហារសម្លាប់សត្រូវតាមគ្រប់មធ្យោបាយ ដោយមិនស្ទាក់ស្ទើរឡើយ”។
ស្របពេលជាមួយគ្នានោះដែរ ដោយគូសបញ្ជាក់ស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ ព្រមទាំងស្ថានភាពយោធានិងនយោបាយមិនប្រាកដប្រជា ជុំវិញប្រទេសកូរ៉េខាងជើង, លោក គីម គូសបញ្ជាក់ថា ឥឡូវនេះ គឺជាពេលវេលាដែលត្រូវរៀបចំឲ្យបានហ្មត់ចត់ជាងមុនសម្រាប់សង្រ្គាម។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ គេដឹងថា កូរ៉េខាងជើងបានបង្កើនការអភិវឌ្ឍអាវុធខ្លាំងមែនទែន ក្រោមការដឹកនាំរបស់លោកគីម ហើយថែមទាំងពង្រឹងទំនាក់ទំនងយោធានិងនយោបាយ កាន់តែជិតស្និទ្ធជាមួយរុស្ស៊ីផងដែរ ខណៈមានការសង្ស័យថា ទីក្រុងព្យុងយ៉ាង កំពុងជួយទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាជាយុទ្ធសាស្ត្ររបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីលរយៈចម្ងាយជិតចូលចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


